ពលកខ្មែរជាប់គុក និងត្រូវ​មេខ្សល់លក់បន្តពេលទៅ​ធ្វើការនៅប្រទេសថៃ

ក្រុម​ស្ត្រី​ដែល​រង​នូវ​ការ​ជួញ​ដូរ​ពលកម្ម នៅ​ភូមិ​ស្វាយ​ឫស្សី សង្កាត់​បារាយណ៍ ក្រុង​ដូនកែវ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទម្រាំ​គេច​ខ្លួន​ពី​ប្រទេស​ថៃ មក​ដល់​ស្រុក​ខ្មែរ បាន​ជួប​ការ​លំបាក​ខ្លាំង និង​រត់​គេច​ពី​ការ​ជួញ​ដូរ​បន្ត។

ស្ត្រី​ ឈ្មោះ សោម ចាន់ធូ រស់​នៅ​សង្កាត់​បារាយណ៍ បាន​និយាយ​​ថា ​បាន​ជា​គាត់​សម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ព្រោះគេ​ថា​តម្លៃ​ឈ្នួល​បាន​ថ្លៃ​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុកទើប​គាត់​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​តាម​ការ​អូសទាញ​របស់​មេ​ខ្យល់។

​ចាន់ធូ បាន​បន្ត​ថា គាត់​បាន​ចាញ់​បោក​មេ​ខ្យល់ ដែល​រស់​នៅ​ភូមិ​ត្រពាំងធំ ក្នុង​ក្រុង​ដូនកែវ មក​បបួល​យុវជន​ស្រី​ប្រុស ដែល​គ្មាន​ការងារ​ធ្វើ ឲ្យ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ហើយ​មេ​ខ្យល់​នោះ​ប្រាប់​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​នៅ​ថៃ នឹង​ផ្តល់​ប្រាក់​ខែ​សម្រាប់​ម្នាក់​ក្នុង​១​ខែ គឺ​១៣.០០០​បាត ប្រាក់​ថៃនឹង​​សន្យា​ថា ផ្តល់​លិខិត​ឆ្លង​ដែន​ឲ្យ​គ្រប់​គ្នា ពេល​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ពួក​គាត់​ត្រូវ​តម្រួត​ថៃ ចាប់​ដាក់​គុក និង​មេ​ខ្យល់​នៅ​ប្រទេស​ថៃ លក់​បន្ត។

​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សំឡូត រស់​នៅ​ភូមិ​ស្វាយ​ឫស្សី ដែរ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ក្លាយ​ជា​អ្នក​ទោស ព្រោះ​តែ​ចង់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ល្បី​ថា​បាន​ប្រាក់​ខែ​ច្រើន​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ខ្មែរ។ ប៉ុន្តែ​​គាត់​បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះជា​បន្ត​បន្តាប់។

លោក ម៉ែន ជឹម ចៅ​សង្កាត់​បារាយណ៍ ​បាន​ឲ្យ​ដឹង​​ថា បើ​គិតពី​​ខែ​ឧសភា ឆ្នាំ​២០១២​​ ​ពលរដ្ឋ​ក្នុង​សង្កាត់​នេះ​បាន​ធ្វើ​ចំណាក​ស្រុក​ជាង ១.៥២០​នាក់​​ ក្នុង​នោះ អ្នក​ចេញ​ទៅ​បរទេស​ស្រប​ច្បាប់​ជាង ៥០០​នាក់។ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រួសារ​វិញ ដូច​ជា​សង​បំណុល​ផ្សេងៗ សង់​លំនៅ​ថ្មី និង​ឲ្យ​គ្រួសារ​មាន​ថវិកា​ចាយវាយ ប៉ុន្តែ​មាន​ក្រុម​យុវជនមួយ​ចំនួន​​ខ្លះ​មិន​បាន​ចេញ​ទៅ​ស្រប​ច្បាប់​ទេ ពួក​គេ​ចេញ​ទៅ​តាម​មេ​ខ្យល់ ហើយ​លាក់លៀម​មិន​ឲ្យ​អាជ្ញាធរ​ដឹង​ឮ​ទេ។

លោក​បន្ត​ថា ថ្មីៗ​នេះ​អាជ្ញាធរ​បាន​សុំ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន ទូច ម៉ាណាក់ មែនផៅវ័រ សីបផ្លាយ (Touch Manak Manpower Supply) ដែល​គ្មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​តាកែវ ហើយ​បាន​ដើរ​ទាក់ទាញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​បរទេស ហើយ​បាន​​​សុំ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​នោះ យក​លិខិត​បញ្ជាក់ និង​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​អាជីវកម្ម​នាំ​ពលករ​ទៅ​បរទេស​នោះ ព្រោះ​បង្ការ​ខ្លាច​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ក្លែងក្លាយ៕

Related Articles

Back to top button
Close
Close