លោក​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន Asif Ali Zardari បង្ហាញ​មុខ​នៅ​តុលាការ​ប្រឆំាងអំពើពុករលួយ

នៅ ​ក្នុង​ប្រទេស​ប៉ាគីស្ថាន លោក​អតីត​ប្រធានាធិបតី Asif Ali Zardari បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ជា​លើក​ទី១ នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មករា​នេះ។ លោក Asif Ali Zardari បាន​ជាប់​សង្ស័យ​ពី​បទ​បាន​លួច​បង្វែរ​លុយ​ដោយ​ខុសច្បាប់​រាប់សិប​ លានដុល្លារ​ក្នុង​ទសវត្ស​ឆ្នំា ៩០ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនំា​ប៉ាគីស្ថាន។

លោក ​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន Asif Ali Zardari បាន​ជាប់​សង្ស័យ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​មួយ​ចំនួន​ក្នុង​ទសវត្ស​ ឆ្នំា ៩០ មាន​ដូច​ជា ការ​លាងសម្អាត​លុយកខ្វក់ ការ​ទទួល​សំណូក​នៅ​ក្នុង​កុងត្រា​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ប្រទេស​ស្វីស និង​ការ​សាងសង់​ដោយ​ខុសច្បាប់​លើ​ទីលាន Polo មួយ​ស្ថិត​ក្រោយ​និវេសនដ្ឋាន​នាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តី​ក្នុង​ជំនាន់​នោះ គឺ​លោកស្រី Benazia Bhutto ដែល​ត្រូវ​ជា​ភរិយា​របស់​លោក Asif Ali Zardari និង​ដែល​លោកស្រី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ឆ្នំា ២០០៧។

ក្នុង​នាម​ជា​ប្រធានាធិបតី​ពី​ខែ​កញ្ញា ឆ្នំា២០០៨ ដល់​ខែ​កញ្ញា ឆ្នំា ២០១៣ លោក Zardari មាន​អភ័យឯកសិទ្ធិ​ពិសេស​ដែល​តុលាការ​មិន​អាច​ប៉ះ​បាន​ទេ តែ​តុលាការ​បាន​ចាប់​ផ្តើម​បើក​សំណុំរឿង​នេះ​ជា​ថ្មី នៅ​ក្រោយ​ការ​បញ្ចប់​អាណត្តិ​របស់​លោក​ក្នុង​ខែ​កញ្ញា ឆ្នំា ២០១៣។ តែ​ក្រុមមេធាវី​ការពារ​លោក Zardari បាន​អះអាង​ថា ទម្ងន់ទោស​ដែល​លោក Zardari ត្រូវ​ទទួល​ក៏​មិន​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ថា អ្នកជាប់ចោទ​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំរឿង​នេះ មាន​អ្នកខ្លះ​បាន​រួច​ខ្លួន និង​អ្នកខ្លះ​ទៀត​បាន​ស្លាប់​អស់​ទៅ​ហើយ។

នៅ​ក្នុង​សវនាការ​ថ្ងៃ​នេះ លោក Zardari ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ក្នុង​រឿង​សំណង់​លើ​ទីលាន Polo ដោយ​ខុសច្បាប់ តែ​គ្មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​លោក​ទេ ព្រោះ​គ្មាន​សាក្សី​ណា​ម្នាក់​បាន​ប្រឆំាង​នឹង​លោក​នៅ​ក្នុង​សំណុំរឿង​នេះ​ ទេ។ អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា ចំ​ពេល​ដែល​លោក Zardari បាន​មាន​វត្តមាន​នៅ​មុខ​តុលាការ​ប្រឆំាង​អំពើពុករលួយ​ដូច​ការ​គ្រោង​ទុក​នោះ លោក​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​ម្នាក់​ទៀត គឺ​លោក​អតីត​ឧត្តមសេនីយ៍ Pervez Musharraf មិន​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ពិសេស​ពី​បទ​បាន​ព្យួរ​ ច្បាប់រដ្ឋធម្មនុញ្ញ និង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ឆ្នំា ២០០៧។

អ្នកនំាពាក្យ​របស់​លោក Zardari បាន​អះអាង​ថា គេ​មិន​អាច​ប្រៀបប្រដូច​ដំណើរ​ការ​កាត់ទោស​រវាង​អតីត​ប្រធានាធិបតី​ ប៉ាគីស្ថាន​ទំាង​ពីរ​រូប​នេះ​បាន​ទេ ព្រោះ​ថា លោក Asif Ali Zardari ជា​ប្រធានាធិបតី​ស៊ីវិល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ រីឯ​លោក Pervez Musharraf ជា​ប្រធានាធិបតី​ផ្តាច់ការ​ចូល​កាន់​អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ​យោធា៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close