អ្នកបឹងកក់នៅតែតវ៉ាឲ្យ​​​អាជ្ញាធរចែកដីដែល​​​​រដ្ឋាភិបាលប្រគល់ឲ្យ

អ្នក​បឹង​កក់ និង​តំណាង​របស់​ពួក​គេ ១៣​នាក់ ដែល​​ទើប​តែ​​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​នៅ​ពន្ធ​នាគារ​​ព្រៃស ដោយ​សារ​ជម្លោះ​ដីធ្លី បាន​ប្រកាស​ថា ពួក​គេ​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា ដើម្បី​ឲ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​បែង​ចែក​ដី ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​។

លោក អ៊ី សារុំ អ្នក​សម្រប​សម្រួល​កម្មវិធី នៃ​សមាគម​ធាង​ត្នោត ​បាន​និយាយ​​ថា មក​ដល់​ពេល​នេះ គឺ​នៅ​មាន​ពលរដ្ឋ​ប្រមាណ ៧០​គ្រួសារ កំពុង​ស្ថិត​នៅ​ជា​គ្រួសារ​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​ទំហំ ១២,៤៤​ហិកតារ។ ​

យោង​តាម​របាយការណ៍​នៃ​ការ​សិក្សា​របស់​សមាគម​ធាង​ត្នោត​បាន​បង្ហាញ​ថា អ្នក​បឹង​កក់​ចំនួន​ជាង ៣.៥០០​គ្រួសារ ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​សំណង និង​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់ ទៅ​តាំង​ទី​លំនៅឋាន​ថ្មី​នៅ​ក្រៅ​ក្រុង សម្រាប់​ពលរដ្ឋ​ដែល​នៅ​សល់​ពី​ការ​ចាក​ចេញ​នោះ គួរ​ជា​អ្នក​ដែល​ទទួល​បាន​ចំណែក​ដី​ដែល​រដ្ឋាភិបាល​ប្រគល់ឲ្យ​តែ​ជា​លទ្ធផល គឺ​មាន​អ្នក​ដែល​ត្រូវ​កាត់​ចេញ។

អ្នកស្រី ហេង មុំ ដែល​ជាតំណាង​អ្នក​ភូមិបឹង​កក់​​​​ បានឲ្យ​​​ដឹង​ថា ផ្ទះ​របស់​អ្នក​ស្រី​មាន​ភាគ​ខ្លះ​នៅ​ក្នុង​បឹង និង​ភាគ​ខ្លះ​នៅ​ជាប់​មាត់​បឹង ប៉ុន្តែ​គ្រួសារ​អ្នកស្រី​ពុំ​បាន​ទទួល​ចំណែក​ដី ដែល​រដ្ឋាភិបាល​ប្រគល់​​ឲ្យ​ឡើយ គឺ​ត្រូវ​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​ដែល​ត្រូវ​ឆ្វៀល​ចេញ។ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បន្ត​ធ្វើ​ការ​ទាម​ទារ ព្រោះ​អ្នកស្រី​ក៏​ជា​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ដី ដែល​រដ្ឋាភិបាល​បាន​ប្រទានកម្ម ឬ​ប្រគល់​​ឲ្យ​​អ្នក​បឹង​កក់។

​តំណាង ​អ្នក​បឹង​កក់ អ្នក​ស្រី ទេព វន្នី មាន​ប្រសាសន៍​ថា អ្នក​ដែល​ទទួល​បាន​កម្មសិទ្ធិ​ដី គឺ​គេ​បាន​តែ​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​ប៉ុណ្ណោះ ហេតុ​នេះ ក្បាល​ដី​ដែល​នៅ​សល់ គួរ​តែ​ត្រូវ​ផ្ដល់​ទៅ​អោយ​អ្នក​ដែល​ត្រូវ​ឆ្វៀល​ចេញ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​កាត់​ដី​តំបន់​បឹង​កក់​ទំហំ ១២,៤៤​ហិកតារ ទៅ​អ្នក​បឹង​កក់​ចំនួន​ជិត ៨០០​គ្រួសារ ដែល​ជ្រើស​រើស​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ​ នៅ​ក្រោយ​ការ​ប្រគល់​ដី​នោះ ក៏​ស្រាប់​តែ​មាន​អ្នក​ភូមិ​ចំនួន​ជាង ៩០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ឆ្វៀល​ចេញ ដោយ​មិន​ផ្ដល់​កម្មសិទ្ធិ​ដី​អោយ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​សល់​ប្រមាណ ៧០​គ្រួសារ។ ​មក​ដល់​ពេល​នេះ ​មាន​អ្នកភូមិ​បឹង​កក់​​ជាង ៦០០​គ្រួសារ​ហើយ ដែល​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ក្នុង​ដី​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​៕

Related Articles

Back to top button
Close
Close