កម្ពុជា គ្រោងនឹងស្ថាបនាផ្លូវល្បឿនលឿន នាឆ្នាំ២០២០
សារព័ត៌មាន Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលា«ស្តីពីផែនការមេសាងសង់ផ្លូវល្បឿងលឿន នៅព្រះរាជាណាចក្រកម្ពុជា» នៅសណ្ឋាគារ សាន់វេ នាថ្ងៃទី៨ ខែមករានេះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គ្រោងនឹងស្ថាបនាផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់ចរាចរពាណិជ្ជកម្ម និងទេសចរណ៍ ពីព្រោះនេះជាកត្តាសំខាន់មួយលើការកាត់បន្ថយភាពស្ថិតនៅ ដាច់ស្រយាលរបស់សហគមន៍ និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច។
-
លោក ត្រាំ អ៊ីវតឹក បានបន្តថា ការសាងសង់ និងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ អាចត្រូវចាប់ផ្តើមនៅឆ្នាំ២០២០ ខាងមុខ ដោយសាងសង់ដំបូងលើចម្ងាយផ្លូវ ៣០០គីឡូម៉ែត្រ ក្នុងនោះផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានចម្ងាយ២០០គីឡូម៉ែត្រ នឹងត្រូវចាប់ផ្តើមមុខគេ ហើយផ្លូវដែលសាងសង់នោះគឺជាផ្លូវថ្មី មិនមែនផ្លូវជាតិលេខ៤នោះទេ។
លើសពីនេះនៅសល់ ១០០គីឡូម៉ែត្រទៀត រាជរដ្ឋាភិបាលនឹងពិចារណាផ្លូវអាទិភាពផ្សេងទៀត។ លោកត្រាំ អ៊ីវតឹក បន្ថែមថា «ផ្លូវល្បឿនលឿនវាមានសារៈសំខាន់ណាស់ គឺផ្លូវដែលយើងគ្រោងធ្វើ២គន្លងទៅ ២គន្លងមក និងមានសួនច្បារកណ្តាល។
ជាមួយគ្នានោះលោក ទូ ថានជីង នាយករងវិទ្យាស្ថានផែនការសិក្សាគម្រោងប្លង់ ផ្លូវល្បឿនលឿនបានមានប្រាប់ឱ្យដឹងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿន ទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មមានការរីកចម្រើនជាលំដាប់ ជាពិសេសចំនួនយានយន្តក៏កើនឡើងយ៉ាងខ្លាំង តម្រូវការផ្លូវគមនាគមន៍កាន់តែធំទូលាយ និងជាពេលដលត្រូវគិតពីបញ្ហាដឹកជញ្ជូន។
ការងារសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា គឺកាតព្វកិច្ចសំខាន់មួយក្នុងអំឡុងពេល១០ឆ្នាំខាងមុខ មួយវិញទៀត ការកសាងសង់ផ្លូវនេះជាកត្តាជំរុញដល់សេដ្ឋកិច្ច ក៏ដូចជាសង្គមឲ្យកាន់តែអភិវឌ្ឍន៍ឈានឡើង ហើយធានាបាននូវសន្តិសុខជាតិ និងបង្កើនការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សូមបញ្ជាក់ដែរថា មកដលពេលនេះមានក្រុមហ៊ុនចិនចំនួន៣ រួចមកហើយ ដែលស្នើសុំការសាងសង់ផ្លូវល្បឿនលឿននៅប្រទេសកម្ពុជា រីឯក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែពិភាក្សាការងារឲ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុនទាំងនោះ ជាមុនសិន៕