លោក ហោ ណាំហុង៖ មតិទូទៅអបអរសាទរ ចំពោះការបង្ក្រាបក្រុមបាតុករ
សារព័ត៌មាន Cambodia News

ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែមករានៅក្រសួងការបរទេស ឧបនាយរដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានមានប្រសាសន៍ថា មតិទូទៅគេមានការអបអរសាទរណាស់ ចំពោះការសម្រេចរបស់រាជរដ្ឋា ភិបាល (ការបង្រ្កាបបាតុកម្ម) ដែលបានផ្អាកការធ្វើបាតុកម្មហិង្សានេះ។
លោក ហោ ណាំហុង បានបន្តថា កន្លងមករាជរដ្ឋាភិបាល កម្ពុជាបានអត់ធ្មត់ជាមួយក្បួនបាតុកម្ម របស់គណបក្សសង្គ្រោះជាតិជាយូរមកហើយ ហើយបាតុកម្មនេះ ខុសនឹង វិធីច្បាប់របស់សាលារាជាធានីភ្នំពេញផងដែរ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិជាច្រើនខែមកនោះ ខុសនឹងកិច្ចសន្យាជាមួយសាលារាជាធានីភ្នំពេញដែលបានកំណត់។
អត្ថាធិប្បាយរបស់លោក ហោ ណាំហុង ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ តាមរយៈលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសពីការរៀបចំ ក្រុមអ្នកច្បាប់អន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវ លើព្រឹត្តិការណ៍ប៉ះទង្គិច រវាងក្រុមកម្មករ និងក្រុមប៉ូលិស ប៉េអឹម នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា នៅផ្លូវវេងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលនាំឲ្យកម្មករ យ៉ាងហោចណាស់ ៤ នាក់ បានស្លាប់ និងមិនតិច ជាង ២០ នាក់ រងរបួស ដោយសារតែគ្រាប់កាំភ្លើង៕