​ចិន​កម្ទេច​ភ្លុកដំរី​ចំនួន​៦តោនដើម្បី​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែងទប់ស្កាត់​ការ​ជួញដូរ​ភ្លុកដំរី​ខុសច្បាប់

នៅថ្ងៃ​ ចន្ទនេះ អាជ្ញាធរ​ចិន​បាន​កម្ទេច​ចោល​នូវ​ភ្លុក​ដំរី​ប្រមាណ​ជាង ៦តោន។ ការ​កម្ទេច​ភ្លុកដំរី​នេះ​ត្រូ​វ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ ហើយ​វា​ជា​ហេតុការណ៍​ដ៏​កម្រ​​មួយ​នៅ​ប្រទេស​​ចិន ដែល​ជាទូទៅ តែងតែ​ទទួលរង​នូវ​ការ​រិះគន់​ថា​ជា​ទិសដៅ​​ដ៏ធំ​នៃ​ការ​ជួញដូរ​ភ្លុកដំរី​​​ ខុសច្បាប់ ពី​តំបន់​អាហ្វ្រិក។

ការ​កម្ទេច​ភ្លុកដំរី ត្រូវ​បាន​ធ្វើឡើង នៅ​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេសចិន ហើយ​ដោយ​មាន​ការ​ផ្សាយ​បន្តផ្ទាល់ នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ។ កាសែត​ផ្លូវការ​ចិន​បាន​ហៅ​ការកម្ទេច​ភ្លុកដំរី​នេះ​ថា​ជា​ព្រឹត្តិការណ៍​ដ៏ ​ធំ​មិន​ធ្លាប់​មាន​ នៅ​ក្នុង​ប្រទេស​ចិន។

អាជ្ញាធរ​ចិន​បាន​ឲ្យដឹង​ថា ភ្លុកដំរី ដែល​ត្រូវ​កម្ទេច​ចោល​នៅពេលនេះ មាន​បរិមាណ​ជាង ៦តោន ហើយ​​បាន​មក​ពី​ការ​រឹបអូស​ពី​ឈ្មួញ​ខុសច្បាប់ នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ហើយ​ថា ការ​កម្ទេច​ភ្លុកដំរី​ជា​សាធារណៈ​នេះ ធ្វើឡើង ដើម្បី​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​ ទប់ស្កាត់​ការ​ជួញដូរ​ភ្លុកដំរី​ដោយ​ខុសច្បាប់។

គួរបញ្ជាក់ថា កន្លងមក អង្គការ​ និង​សកម្មជន​ការពារ​សត្វព្រៃ​តែងតែ​បាន​លើកឡើង​ថា ការ​កើនឡើង​នៃ​តម្រូវការ​ភ្លុកដំរី នៅ​អាស៊ី និង​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុងការ​បំបែក​បណ្តាញ​ជួញដូរ​ភ្លុកដំរី​ដោយ​ ខុសច្បាប់ គឺ​ជា​ដើមហេតុ​ដ៏​សំខាន់មួយ ដែល​នាំ​ឲ្យ​មាន​ការ​កើនឡើង​នៃ​ការ​បរបាញ់​ដំរី​ដោយ​ខុសច្បាប់ នៅ​ក្នុង​តំបន់​អាហ្វ្រិក។

អ្នកជំនាញ​យល់ថា ភ្លុកដំរី​​​ក្នុង​ទីផ្សារ​ងងឹត​ភាគច្រើន ត្រូវ​បាន​គេ​យក​ទៅលក់​ នៅ​ក្នុង​ប្រទេស​ចិន ដោយសារតែ​ប្រជាជន​ចិន​ទូទៅ​ជឿ​ថា ភ្លុកដំរី​ គឺ​ជា​ឱសថ​ដ៏ស័ក្តិសិទ្ធិ​ក្នុង​ការព្យាបាល​ជំងឺ​នានា។

កាលពីខែ​មីនា ឆ្នាំ​២០១៣​កន្លងទៅនេះ អង្គការ​អនុសញ្ញា​ស្តីពី​ការ​ជួញដូរ​ជា​អន្តរជាតិ​នៃ​ប្រភេទ​សត្វ​កំពុង​ ទទួលរង​ការ​ស្លាប់​ផុតពូជ (Convention on International Trade in Endangered Species) បាន​ចាត់បញ្ចូល​ប្រទេស​ចិន ទៅក្នុង​ចំណោម​ប្រទេស​ទាំង ៨ ដែល​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ក្នុងការ​ទប់ស្កាត់​ការ​ជួញដូរ​ភ្លុក​ដំរី​ដោយ​ខុសច្បាប់។

អង្គការ​សង្រ្គោះដំរី (ហៅតាម​ភាសា​អង់គ្លេស​ថា “Save The Elephants”) ដែល​មាន​ទីស្នាក់ការ នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ថ្លែង​អបអរ​សាទរ​ចំពោះ​​​ចំណាត់​ការ​របស់​អាជ្ញាធរ​ចិន ដែល​បាន​​បំផ្លាញ​ភ្លុកដំរី​ជា​សាធារណៈ កាល​ពីថ្ងៃ​ចន្ទ ដោយ​លើកឡើង​ថា ជាមួយ​នឹង​វិធានការ​បែបនេះ ពិភពលោក​អាច​នឹង​ជួយសង្រ្គោះ​ដំរី ឲ្យ​រួចផុត​ពី​ការ​ស្លាប់​ផុតពូជបាន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close