ឥណ្ឌាបង្ហោះកាំជ្រួចដើរដោយថាមពលត្រជាក់ប្រកបដោយជោគជ័យទៅកាន់អវកាស
បន្ទាប់ពីបានបង្ហោះយានអវកាសទៅកាន់ ភពអង្គារបានជោគជ័យ កាលពីខែវិច្ឆិកា នៅថ្ងៃអាទិត្យទី ៥ មករានេះ ឥណ្ឌា បានស្គាល់ជោគជ័យថ្មីមួយទៀត ក្នុងការបង្ហោះ កាំជ្រួចដើរដោយថាមពលត្រជាក់ Cryogenic ដែលជាបច្ចេកវិទ្យាកំពូល និងស្មុគស្មាញ។ នេះជាមោទនភាពបំផុតសម្រាប់ឥណ្ឌា ដែលល្បីខាងមានការយឺតយ៉ាវជាងគេនៅឡើយ ក្នុងវិស័យអវកាស នៅលើពិភពលោក និងនៅក្នុងតំបន់អាស៊ី។
កាំជ្រួចទម្ងន់ ៤១៥តោន បានហោះចេញដោយជោគជ័យ ចេញពីមូលដ្ឋានអវកាស នៃរដ្ឋ Andhra Pradesh ដើម្បីនាំផ្កាយរណបទូរគមនាគមន៍ទៅក្នុងតារាវិថី នៅវេលាម៉ោង ៤រសៀល ម៉ោងនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា។
ជាកាំជ្រួចដើរដោយថាមពលត្រជាក់ ពោលគឺម៉ូទ័រអាចដំណើរការដោយអ៊ីដ្រូសែន និងអុកស៊ីសែន សារធាតុរាវត្រជាក់ខ្លាំង និងនៅពេលឆេះឡើង (ឥន្ធនកម្ម) បង្កើតជាចំណាយទឹក។ បច្ចេកវិទ្យា ដែលមានលក្ខណៈស្មុគស្មាញខ្លាំងបំផុតនេះ អាចបាញ់បង្ហោះផ្កាយរណបធ្ងន់ៗ ទៅកាន់ទីឆ្ងាយខ្លាំង ពោលគឺអាចមានចម្ងាយពី ៣៦០០០ ពីផ្ទៃដី។
ក្រុមអ្នកស្រាវជ្រាវអវកាសឥណ្ឌាបានចំណាយពេលជាង២០ឆ្នាំ ទម្រាំអាចសម្រេចអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ផលិតជាម៉ូទ័រដើរដោយថាមពលត្រជាក់បាន បើគិតចាប់ពីបរាជ័យឆ្នាំ១៩៩២ ដែលកាលណោះឥណ្ឌាបង្ខំចិត្តនាំចូលបច្ចេកវិទ្យាពីរុស្ស៊ី ព្រោះអាមេរិកប្រឆាំង។ ការបាញ់បង្ហោះសាកល្បងលើកទីមួយ កាលពីឆ្នាំ២០១០ បានទទួលបរាជ័យ។ កាលណោះ កាំជ្រួចធ្លាក់ក្នុងសមុទ្ទ បន្ទាប់ពីបាញ់បង្ហោះចេញបានបន្តិច។ នៅលើពិភពលោក មានប្រទេសតែ៥ប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតម៉ូទ័រប្រភេទនេះបានសម្រេច នោះគឺប្រទេសរុស្ស៊ី បារាំង ជប៉ុន និងចិន។
កាលពីខែវិច្ឆកា កាំជ្រួច “Made in India” ពាំយានអវកាសមួយគ្រឿងឆ្ពោះទៅកាន់ភពព្រះអង្គារ ត្រូវបានបាញ់បង្ហោះចេញទៅ ប្រកបដោយជោគជ័យ។ យានអវកាសនេះ បានឆ្លងផុតគន្លងតារាវិថីភពផែនដី កាលពីដើមខែធ្នូ និងកំពុងបន្តដំណើររបស់ខ្លួនទៅមុខទៀត។ គេត្រូវរង់ចាំជាច្រើនខែទៀតទើបអាចដឹងថា តើយានអវកាសនេះនឹងអាចធ្វើដំណើរទៅដល់ភពព្រះអង្គារដែរឬក៏យ៉ាងណា។ ប្រសិនបើបេសកកម្មនេះពិតជាទទួលបានជោគជ័យមែន ឥណ្ឌានឹងក្លាយទៅជាប្រទេសដំបូងបង្អស់ នៅក្នុងតំបន់អាស៊ី ដែលអាចបញ្ជូនយានទៅកាន់ភពព្រះអង្គារបាន និងលុបបំបាត់បានស្លាកស្នាម បរាជ័យក្នុងវិស័យនេះ ឱ្យកប់ទៅជាមួយនឹងអតីតកាល៕ដោយ អៀង សុខម៉ិញ (RFI)