រោគសញ្ញានៃជំងឺឫសដូងច្រមុះ
សារព័ត៌មាន Cambodia News
សុខភាព៖ ឫសដូងច្រមុះគឺជាការដុះសាច់ក្នុងច្រមុះមួយប្រភេទ ដែលអាចកើតឡើងបានដោយសារការរលាករ៉ាំរ៉ៃ ឬអាចដោយសារ មេរោគផ្សិត ឬអាឡែកស៊ីជាដើម។ មូលហេតុពិតប្រាកដនៃជម្ងឺឫសដូងច្រមុះនៅមិនទាន់អាចដឹងថាបណ្ដាល មកពីអ្វីមួយច្បាស់លាស់នៅឡើយទេ។
គេគ្រាន់តែ អាចដឹងថា វាអាចបង្កមកពីការរលាកច្រមុះរ៉ាំរ៉ៃដោយសារអាឡែកស៊ី និងដោយសារមេរោគបង្កមួយចំនួនតែប៉ុណ្ណោះ ដែលធ្វើឱ្យមានដុះសាច់ឫសដូងច្រមុះនេះកើតឡើង។ ជម្ងឺឫសដូងច្រមុះភាគច្រើនមានការរួមផ្សំគ្នាជាមួយជម្ងឺដទៃទៀត ដែលមានដូចជា អ្នកជម្ងឺប្រើប្រាស់ថ្នាំប្រភេទអាសស្ពៀរីនមិនបាន និងអ្នកជម្ងឺមានជម្ងឺហឺត។
ហើយវាក៏អាចបណ្ដាលមកពីអាឡែកស៊ីផងដែរ ទើបឈានទៅដល់មានឫសដូងច្រមុះនេះ។ ចំពោះក្មេង ជម្ងឺឫសដូងច្រមុះអាចរួមផ្សំជាមួយពួកជម្ងឺស៊ីស្ទេចហ្វាយប្រូប្រីស ជាប្រភេទជម្ងឺដែលមានគេជួបតែនៅលើក្មេងតែប៉ុណ្ណោះ។ ការព្យាបាលអាចធ្វើទៅបានដោយគ្រូពេទ្យមើលទៅតាមទំហំ និងកម្រិតនៃឫសដូងដែលមាន។ ជម្ងឺឫសដូងច្រមុះនេះមានបួនកម្រិត ដោយកម្រិតទីមួយគឺមានបន្ដិចបន្ដួច ទីពីរគឺមានធំបន្ដិច ទីបីគឺដុះស្មើនឹងក័រណេ និងទីបួនគឺដុះពេញច្រមុះតែម្ដង។
ក្នុងករណីទីមួយ និងទីពីរ គ្រូពេទ្យអាចព្យាបាលដោយការប្រើប្រាស់ថ្នាំ ប៉ុន្ដែបើកម្រិតទីបី និងទីបួន ដែលឫសដូងច្រមុះមានសភាព រីកធំទៅហើយនោះ ត្រូវទាមទារឱ្យមានការវះកាត់ ដោយកាត់សាច់ឫសដូងនោះចេញ ទើបអាចជួយសង្គ្រោះអ្នកជម្ងឺបាន។ ពេលខ្លះ ទៀតគ្រូពេទ្យក៏អាចធ្វើការវះកាត់ដោយអង់ដូស្កូពី (Endoscopy) ដែលជាវិធីមួយល្អប្រសើរសម្រាប់អ្នកជម្ងឺនៅពេលបច្ចុប្បន្ននេះ៕