១០នាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរងរបួសក្នុង ការប៉ះទង្គិចគ្នាមុខរោងចក្រយ៉ាកជីង
ភ្នំពេញ៖ នៅម៉ោងប្រមាណ១២ ថ្ងៃទី២ ខែមករានេះ មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានមេដឹកនាំសមាគមម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងកម្មករ ជាមួយកម្លាំងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមសេចក្តីរាយការណ៍ពីខេត្តកណ្តាល ឲ្យដឹងថា លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមន្ត្រីសហជីព ព្រមទាំងកម្មករប្រមាណ ១០នាក់ បានរងរបួសក្បាល និងត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលកម្មកររាប់ពាន់នាក់ និងសមត្ថកិច្ច ដែលដាក់ការពារមុខរោងចក្រយ៉ាកជីង ប៉ះពាក្យសម្តី និងគប់ដបទឹកសុទ្ធដាក់គ្នា បន្ទាប់មកឈានដល់ការផ្ទុះហិង្សាដាក់គ្នារយៈពេលខ្លី
នៅព្រឹកមិញនេះដែរ តំណាងកម្មករបីនាក់ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនផងដែរ នៅពេលដែលពួកគេដឹកនាំកម្មករធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។ បើតាមមន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា តំណាងកម្មករទាំងបីរូបនោះ ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃដដែលនេះ។
ការផ្ទុះកូដកម្ម និងហិង្សា នៅព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើឡើងជាថ្មីទៀត បន្ទាប់ពីកម្មករនិងសហជីព បានផ្អាកការតវ៉ាមួយថ្ងៃ កាលពីថ្ងៃម្សិលមិញ។ កម្មករនិងសហជីពមួយចំនួន បានបន្តការតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលរហូតដល់ ១៦០ដុល្លារ៕ សារព័ត៌មាន Cambodia News