ម្ចាស់ហាងបុប្ផាជាយដែន ប្រើអំពើហិង្សា និងប៉ុនប៉ងចាប់រំលោ ភនារីពីរនាក់បងប្អូន
ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ នារីពីរនាក់បងប្អូនត្រូវម្ចាស់ហាងបុប្ផាជាយដែនដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចាប់បង្ខាំងធ្វើ ទារុណកម្មប៉ុនប៉ងរំលោភនៅក្នុងបន្ទប់ខារ៉ាអូខេ ។
នារីបង ឈ្មោះ សែម ទិត្យចិន្តា អាយុ២២ឆ្នាំ នារីប្អូនឈ្មោះ សែម លីនដា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នារី លីនដា បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ពួកនាងរួមជាមួយបងស្រីម្នាក់ទៀតឈ្មោះ រដ្ឋា បាននាំគ្នាទៅចូលញាំអាហារ និង ស្រាបៀរនៅក្នុងហាងបុប្ផាជាយដែនក្នុងលក្ខណៈគ្រួសារ ។
ពេល នោះថៅកែហាងម្នាក់ ឡេ ហុកឡាយ បានមករាក់ទាក់ស្វាគមន៍យ៉ាងសមគួរមកលើពួកនាង ទាំង៣នាក់បងប្អូន។ លុះដល់វេលាយប់ជ្រៅម៉ោងប្រមាណ១២ ឈ្មោះ ឡេ ហុកឡាយ ដែលគេស្គាល់ថា ជាថៅកែហាងបុប្ផាជាយដែន បានបបួលពួកនាងចូលទៅកាន់បន្ទប់ខារ៉ាអូខេដើម្បីច្រៀងរាំលេង កំសាន្ត ។
ប៉ុន្តែនៅពេលដែលពួកនាងផឹកស៊ីជ្រុលដំណើរស្រវឹង ជោកជាំស្ទើរ បាត់ស្មារតី ស្រាប់តែឈ្មោះ ឡេ ហុកឡាយ បានបណ្តេញនារីម្នាក់ជាប្អូន ក្នុងចំណោមនារីទាំងពីរនាក់ឲ្យចេញពីបន្ទប់ខារ៉ាអូខេ ហើយ ទុកបងស្រីរបស់ខ្លួនឲ្យនៅក្នុងបន្ទប់ជាមួយឈ្មោះ ឡេ ហុកឡាយ ។ ពេលនោះនារីជាប្អូនមិនព្រមចេញពីបន្ទប់ខារ៉ាអូខេចោលបងស្រីឡើយ ហើយនៅក្រាញននៀលរង់ចាំចេញពីខារ៉ាអូខេជាមួយបងស្រី ។
ដោយសារ នារីជាប្អូនមិនព្រមចេញពីបន្ទប់ខារ៉ាអូខេ ឈ្មោះ ឡេ ហុកឡាយ បានទះនារីជាប្អូនមួយកំផ្លៀង ហើយគំរាមមិនឲ្យស្រែក។ ទោះជាយ៉ាងនេះក៏ដោយ នារីទាំងពីរនាក់បងប្អូនបានលើកដៃសំពះនិងលត់ជង្គង់ក្នុងបន្ទប់ ខារ៉ាអូខេសុំអង្វរឈ្មោះ ឡេ ហុកឡាយ កុំធ្វើបាបពួកនាង រហូតហេតុការណ៍នេះមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ រំដោះពួកនាងចេញពីបន្ទប់ខារ៉ាអូខេនាំមកកាន់ស្នាក់ការប៉ុស្តិ៍ រដ្ឋបាលផ្សារដើមថ្កូវដើម្បីដាក់ពាក្យបណ្តឹង៕ នាង/Cambodia News