ស្ត្រីខ្មែរ ដែលថៅកែថៃចាប់សម្រាតធ្វើទារុណកម្មបានបញ្ជូនមកកម្ពុជាវិញ
ប៉ោយប៉ែត៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួង បានឲ្យដឹងថា កាលពីសប្តាហ៍មុន ស្ត្រីខ្មែរដែលបម្រើការងារក្នុងកាស៊ីណូ រួមជាមួយស្ត្រីជនជាតិថៃម្នាក់ទៀតដែលត្រូវថៅកែចាប់សម្រាតធ្វើ ទារុណកម្ម ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃ ធ្វើការរំដោះ និងបានបញ្ជូនមកកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោកកុយ គួង បានឲ្យដឹងទៀតថា ស្ត្រីខ្មែរដែលបម្រើការងារក្នុងកាស៊ីណូ រួមជាមួយស្ត្រីជនជាតិថៃម្នាក់ទៀតដែលត្រូវថៅកែចាប់សម្រាតធ្វើ ទារុណកម្មនោះឈ្មោះ ថាប់ ធីតា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងថា មកដល់ពេលនេះនាងមានសុខ ភាពល្អប្រសើរទេ ។
គួររំលឹកថា តាមប្រភពព័ត៌មានពីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំនៅក្រុងប៉ោយប៉ែត ដែលមានដៃគូនៅឯប្រទេសថៃ បានឱ្យដឹង កាលពីរសៀលថ្ងៃទី១៧ ធ្នូ ថា ស្ត្រីពីរនាក់ ក្នុងនោះមានម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិខ្មែរ ជាបុគ្គលិកបម្រើការនៅក្នុងក្លិបល្បែងស៊ីសងលួចលាក់មួយ កន្លែង នៅក្នុងក្រុងបាងកក ប្រទេសថៃ ត្រូវថៅកែជាជនជាតិថៃចាប់វាយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ បំផុត ។ មិនតែប៉ុណ្ណោះពួកគេបានចាប់ដោះសម្លៀកបំពាក់ចេញសល់តែខោលីអូ ហើយថតរូបបិទផ្សាយជាសាធារណៈទៀត កាលពីសប្តាហ៍មុន៕ Cambodia News