ទំហំបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែននៅតែមិនចុះថមថយ
ក្នុងទីក្រុង គៀវ ប្រទេសអ៊ុយក្រែន ចលនាបាតុកម្មរបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលនៅតែមាន សន្ទុះខ្លាំងក្លា។ កាលពីថ្ងៃអាទិត្យ បាតុករប្រឆាំងប្រមាណ ជាង១សែននាក់បានបន្តបោះជំរំ ជួបជុំគ្នានៅទីលានឯករាជ្យ នោះបើបីជាលោកប្រធានាធិបតីអ៊ុយក្រែន លោកវិចទ័រ យ៉ានូកូវិច បានធ្វើសម្បទាននយោបាយក៏ដោយ។
កាលពីថ្ងៃ សៅរ៍ លោកប្រធានាធិបតីវិចទ័រ អ៊ីយ៉ានូកូវិច បានសម្រេចដកតំណែងមន្រ្តីជាន់ខ្ពស់ពីរូប គឺចៅហ្វាយក្រុងគៀវ និងអនុរដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ដែលបើតាមរដ្ឋអាជ្ញាអ៊ុយក្រែន គឺអ្នកដែលបានបញ្ជាឲ្យប៉ូលិសបង្រ្កាបបាតុករយ៉ាងហិង្សា កាលពីថ្ងៃពុធ។ តាមរយៈ ការដកតំណែងមន្រ្តីទទួលខុសត្រូវ លោកប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមបន្ទន់ចិត្តក្រុមប្រឆាំង។ ប៉ុន្តែ ផ្ទុយស្រឡះ ក្រុមបាតុករប្រឆាំង បានប្រមូលគ្នីគ្នាកាន់តែច្រើន នៅទីក្រុងគៀវ។ តាំងពីថ្ងៃសៅរ៍ ក្រុមគាំទ្ររដ្ឋាភិបាលជាងមួយម៉ឺននាក់ ក៏ត្រូវបានគេដឹកទាំងឡានៗ មកពីខេត្តកំណើតរបស់លោកប្រធានាធិបតី ដើម្បីចូលរួមធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល។ គេបារម្ភថា ការប៉ះទង្គិចគ្នារវាងបាតុករទាំងពីរក្រុមនឹងអាចកើតមាន ជាយថាហេតុ។
ជម្រើសរបស់លោកប្រធានាធិបតីក្នុងការខិតជិតទៅរករុស្ស៊ី និងមិនទៅចូលរួមជាមួយសហភាពអឺរ៉ុប ត្រូវបាន ប្រជាជនរស់នៅភាគខាងកើតប្រទេស ដែលស្ថិតនៅជាប់ទឹកដីរុស្ស៊ីគាំទ្រច្រើន។ ប៉ុន្តែ ប្រជាជនអ៊ុយក្រែន នៅភាគកណ្តាល និងភាគលិចវិញបានប្រឆាំងដាច់ខាត ដោយសារតែគេយល់ការចុះចូលជាមួយសហភាពអឺរ៉ុបនឹងធ្វើឲ្យអ៊ុយក្រែន រួចផុតពីកណ្តាប់ដៃឥទ្ធិពលរបស់រុស្ស៊ី។ តើប្រជាជនអ៊ុយក្រែនដែលមានគំនិតពីរផ្សេងគ្នា នឹងអាចរស់នៅក្រោមដំបូលតែមួយ ជាមួយគ្នាបានយ៉ាងម៉េច?
នៅថ្ងៃអាទិត្យ នៅទីលានឯករាជ្យ ក្នុងទីក្រុងគៀវ លោកJohn Mccain សមាជិកព្រឹទ្ធសភាអាមេរិកបានស្រែកទៅកាន់ ក្រុមប្រឆាំងថា អាមេរិកនៅជាមួយក្រុមប្រឆាំងអ៊ុយក្រែន និងអ៊ុយក្រែននឹងមានអនាគតល្អជាមួយអឺរ៉ុប ហើយអឺរ៉ុបនឹងកាន់តែរីកចម្រើនបើសិនមានអ៊ុយក្រែនចូលរួម។ នៅថ្ងៃអាទិត្យដដែល សហភាពអឺរ៉ុបទើបបានប្រកាសផ្អាកព្យួររាល់ការចរចា ដែលសហភាពអឺរ៉ុបត្រូវធ្វើ ដើម្បីបង្កើតកិច្ចព្រមព្រៀងការដោះដូរសេរីជាមួយអ៊ុយក្រែន។
នៅប៉ុន្មានថ្ងៃខាងមុខ លោកប្រធានាធិបតីអ៊ុយក្រែន វិចទ័រ អ៊ីយ៉ានូកូវិចត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី ស្តីពីកិច្ចព្រមព្រៀងជំនួយសេដ្ឋកិច្ច ដែលនៅក្នុងនោះមាននិយាយពីការកាត់បន្ថយតម្លៃឧស្ម័នដែលអ៊ុយក្រែនទិញ ពីរុស្ស៊ី និងប្រាក់កម្ចីផ្សេងទៀត។ ក្រុមប្រឆាំងវិញទាញសញ្ញាអាសន្ន ដោយខ្លាចថា ប្រធានាធិបតី អ៊ុយក្រែននឹងទៅចុះចូលក្នុងសហភាពពន្ធគយ ដែល រុស្ស៊ីបង្កើតឡើង ជាមួយបេឡូរុស្ស៊ី។ តាមក្រុមប្រឆាំង តាមរយៈសហភាពពន្ធគយ រុស្ស៊ីកំពុងប៉ុនប៉ងបង្កើតសហភាពសូវៀតជាថ្មីឡើងវិញ៕ដោយ ឈាង បុប្ផា (RFI)