អ៊ុយក្រែន៖កម្លំាងប៉ូលិសបានធ្វើអន្តរាគមន៍វាយបំបែកហ្វូងបាតុករ
នៅថ្ងៃ ពុធ ទី១១ ធ្នូនេះក្នុងប្រទេសអ៊ុយក្រែន ជិត ៣សប្តាហ៍ ក្រោយពីមានបាតុកម្មប្រឆំាងនឹងរដ្ឋាភិបាលក្នុងទីក្រុងគៀវមក កម្លំាងប៉ូលិសបានសម្រេចបើកអន្តរាគមន៍វាយបំបែកហ្វូងបាតុករនៅលើ ទីលានឯករាជ្យនាវេលាម៉ោង ២ទៀបភ្លឺព្រឹកមិញ។ បន្ទាប់មក អន្តរាគមន៍វាយបំបែកហ្វូងបាតុករក៏បន្តមាននៅម្តុំសាលាក្រុងផងដែរ។ សូមរម្លឹកជូនថា ក្បួនបាតុកម្មនៅអ៊ុយក្រែនពេលនេះបានកើតមានឡើង ក្រោយពីលោកប្រធានាធិបតីអ៊ុយក្រែនវិកទ័រ អ៊ីយ៉ានូកូវិចបានសម្រេចចិត្តបែរខ្នងដាក់សហភាពអឺរ៉ុប ដោយងាកទៅរកប្រទេសរុស្ស៊ី។
ការដែលរដ្ឋអំណាចអ៊ុយក្រែនបានសម្រេចចិត្តវាយបំបែក ហ្វូងបាតុករពេលនេះ គឺជារឿងមួយដែលគ្រប់គ្នាបានរង់ចំា និងអាចថា ជារឿងមិនអាចចៀសរួច ព្រោះថា ពីមួយថ្ងៃទៅមួយថ្ងៃ ពោលតំាងក្បួនបាតុកម្មបានចាប់ផ្តើមដំបូងជិត ៣សប្តាហ៍កន្លងទៅមក ទំហំនៃក្បួនបាតុកម្មហាក់ដូចជាកាន់តែមានទ្រង់ទ្រាយកាន់តែធំឡើងៗ ជារៀងរាល់ថ្ងៃ។ ពីដំបូង ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតែលើទីលានឯករាជ្យដែលជាកន្លែង និមិត្តរូបនៃការធ្វើបដិវត្តន៍ពណ៌លឿងទុំផ្តួលរដ្ឋាភិបាលកាលពី ឆ្នំា ២០០៤។ ក្រោយមកទៀត ក្បួនបាតុកម្មក៏បានឆ្លងរាលដាលរហូតដល់ទៅសាលាក្រុងទៀត។
ទន្ទឹមគ្នានេះ ក្បួនបាតុកម្មដែលនៅថ្ងៃដំបូង ចូលរួមដោយប្រជាជនសាមញ្ញនោះ ក៏ត្រូវបានចូលរួមដោយឥស្សរជននយោបាយមកពីក្រុមគណបក្សប្រឆំាងដែរ ពិសេសក្រុមរបស់លោកស្រីអតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែន អ៊ីយូលីយ៉ា ទីម៉ូឆេនកូដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារ និងកំពុងមានជម្ងឺធ្ងន់។
ដូច្នេះឃើញថា បន្តិចម្តងៗ ចលនាបះបោររបស់ប្រជាជនបានក្លាយទៅជាវិបត្តិនយោបាយធ្ងន់ធ្ងរមួយដែល អ៊ុយក្រែនកំពុងជួបប្រទះជាថ្មី។ បន្តិចម្តងៗ ចលនាបះបោររបស់ប្រជាជនបាននិងកំពុងរុញច្រានប្រទេសអ៊ុយក្រែនឲ្យ ធ្លាក់ទៅក្នុងវិបត្តិនៃការសងសឹកគ្នារវាងក្រុមលោកប្រធានាធិបតី វិកទ័រ អ៊ីយ៉ានូកូវិច និងលោកស្រីអតីតនាយករដ្ឋមន្រ្តីអ៊ីយូលីយ៉ា ទីម៉ូឆេនកូ។ ឥស្សរជននយោបាយទំាងពីររូប គឺជាគូបដិបក្ខនយោបាយស្លាប់រស់ដោយគ្មានមេត្តានឹងគ្នាឡើយ។ ការដែលលោកស្រីទីម៉ូឆេនកូកំពុងជាប់ក្នុងពន្ធនាគារសព្វថ្ងៃ ក៏ជាស្នាដៃរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចដែរ។
អាមេរិកព្រមានរដ្ឋាភិបាលអ៊ុយក្រែនឲ្យគោរពសិទ្ធិប្រជាពលរដ្ឋ
មុននឹងចាត់វិធានការក្តៅនៅពេលនេះ លោកប្រធានាធិបតីអ៊ុយក្រែនអ៊ីយ៉ានូកូវិចធ្លាប់បានស្នើក្រុមបាតុករឲ្យ ចូលចរចាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែភាគីនីមួយៗនៅតែបន្តប្រកាន់ជំហរតែរៀងៗខ្លួន។ លោកអ៊ីយ៉ានូកូវិចនៅតែចង់រៀបការជាមួយរុស្ស៊ី តែនៅខាងប្រជាជនវិញ គឺចង់រៀបការជាមួយសហភាពអឺរ៉ុបជាង ព្រោះគេយល់ថា រៀបការជាមួយអឺរ៉ុប គឺមានអនាគតល្អ និងភ្លឺស្វាងជាងរៀបការជាមួយរុស្ស៊ីដែលពួកធ្លាប់បានភ្លួករសជាតិ រួចហើយនៅក្នុងអតីតកាល។
ជម្រើសកម្លំាងបាយរបស់រដ្ឋាភិបាលទីក្រុងគៀវពេលនេះបានទទួលការរិះគន់ ពីគ្រប់ទិសទីទំាងអស់ ព្រោះថា វាជាការប្រើអំពើហិង្សាបង្រ្កាបលើហ្វូងបាតុករអហិង្សា។ នៅក្នុងចំណោមប្រតិកម្មទិតៀនទំាងនោះ ប្រតិកម្មរបស់សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជាប្រតិកម្មដែលមាន លក្ខណៈព្រមានខ្លំាង។ លោកប្រមុខការទូតអាមេរិកចន ឃែរីបានថ្លែងថា ចម្លើយរបស់រដ្ឋអំណាចចំពោះបាតុករនៅពេលនេះ ជាចម្លើយមួយមិនអាចទទួលបាន និងមិនល្អទាល់តែសោះសម្រាប់លទ្ធិប្រជាធិបតេយ្យ។
លោកចន ឃែរីបានគូសបញ្ជាក់ពីសារៈសំខាន់របស់អាមេរិកដែលចង់ឃើញការគោរព លទ្ធិប្រជាធិបតេយ្យដែលលោកយល់ថា ជាតម្លៃសាកល មិនមែនជាតម្លៃសម្រាប់តែសហរដ្ឋអាមេរិកម្នាក់ទេ។ លោកចន ឃែរីបានអំពាវនាវឲ្យរដ្ឋអំណាចអត់ធ្មត់ គោរពជីវិតប្រជាពលរដ្ឋ និងថា រដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវទំាងស្រុងចំពោះសន្តិសុខរបស់ប្រជាជនអ៊ុយក្រែន។ ទន្ទឹមគ្នានេះ លោកប្រមុខការទូតអាមេរិកក៏បានស្នើរដ្ឋអំណាចអ៊ុយក្រែនឲ្យទទួលយក ឆន្ទៈរបស់ប្រជាជនដែលចង់បានសន្តិភាព តុលាការ និងអនាគតនៅក្នុងសហភាពអឺរ៉ុប។
អនាគតនយោបាយរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចកំពុងផុយស្រួយ
វាហាក់ដូចជារហ័សពេកដែលគេហ៊ាននិយាយថា លោកវិកទ័រ អ៊ីយ៉ានូកូវិចនឹងធ្លាក់ពីអំណាច។អ្វីដែលគេអាចនិយាយបាននៅពេលនេះ គឺថា កៅអីប្រធានាធិបតីរបស់លោកកំពុងរង្គោះរង្គើ។ គេមិនត្រូវភ្លេចទេថា នៅអ៊ុយក្រែន ចលនាបះបោររបស់ប្រជាជនធ្លាប់បានធ្វើឲ្យខ្ទាតប្រធានាធិបតីជាច្រើន នាក់កន្លងមកហើយ។ ដូច្នេះថាមិនត្រូវទេ ចំពោះអនាគតរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិច។
អ្វីដែលប្រជាជនកំពុងក្តៅក្រហាយពេលនេះ គឺការសម្រេចចិត្តរបស់លោកអ៊ីយ៉ានូកូវិចដែលសម្រេចរត់ចោលសហភាពអឺរ៉ុប ទៅឱបរុស្ស៊ី។ សព្វថ្ងៃនេះ លោកអ៊ីយ៉ានូកូវិចកំពុងជាប់ស្នេហ៍បេះមិនចេញជាមួយអតីតចៅហ្វាយខ្លួន គឺរុស្ស៊ី។ រុស្ស៊ីដែលលោកប្រធានាធិបតីពូទីនបានធ្វើអ្វីៗគ្រប់យ៉ាងទំាងអស់ ដើម្បីទាញអ៊ុយក្រែនឲ្យមកនៅខាងខ្លួន។ ជំហររបស់លោកអ៊ីយ៉ានូកូវិចឱបរុស្ស៊ីមកពីលោកយល់ថា រកស៊ីជាមួយចៅហ្វាយចាស់ដែលធ្លាប់ដឹងចិត្តគ្នា វាគ្រាន់ជាងរកស៊ីជាមួយអ្នកថ្មី។ តែនេះ មិនមែនជាការយល់ឃើញរបស់ប្រជាជនអ៊ុយក្រែនភាគច្រើនទេ។
ដូច្នេះឃើញថា អនាគតរបស់លោកអ៊ីយ៉ានូកូវិច គឺវាអាស្រ័យលើជំហររបស់លោកតែម្នាក់គត់។ បើលោកអាចនឹងប្តូរជំហររបស់ខ្លួននាពេលខាងមុខ លោកនឹងអាចរួចខ្លួនបានមួយរយៈ តែប្រហែលជាគ្មានសង្ឃឹមទេសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ មួយវិញទៀត និងក្រៅពីការសម្រេចចិត្តរបស់ប្រជាជនអ៊ុយក្រែន អនាគតរបស់លោកអ៊ីយ៉ានូកូវិចក៏កំពុងស្ថិតក្នុងកណ្តាប់ដៃរបស់រុស្ស៊ី ដែរ ព្រោះថា ទោះបីជាអ៊ុយក្រែនជារដ្ឋមួយឯករាជ្យក៏ដោយ ក៏រុស្ស៊ីនៅតែព្យាយាមតំាងខ្លួនជាអាណាព្យាបាលដដែល៕ដោយ គួច គន្ធារ៉ា (RFI)