សង្ឃមួយអង្គ បានព្រមាន និងគំរាម ដល់សុវត្ថិភាព អ្នកកាសែត
ភ្នំពេញ៖ សង្ឃមួយអង្គក្នុងចំណោមសង្ឃដទៃ ត្រូវគេឃើញបានប្រើសម្តី អាមឹង ទៅលើក្រុមអ្នកកាសែត និងបានគំរាមថា នឹងទៅរករឿងដល់កន្លែងផ្សាយ ប្រសិនណាបើផ្សាយអាក្រក់ពីក្រុមសង្ឃរបស់ខ្លួនឯងនេះ សង្ឃទាំងនេះ បានព្រមាននិងគំរាមដល់សុវត្ថិភាព អ្នកយកព័ត៌មានទូរទស្សន៍បាយ័ន និងប៉ុស្តិ៍ស៊ីអិនស៊ី ជាដើម។
គួររំលឹកថា កាលពីម្សិលមិញ សង្ឃមួយអង្គ ដែលស្ថិតក្នុងក្រុមធ្វើបាតុកម្មក្នុងគណបក្សសង្គ្រោះជាតិ ត្រូវគេឃើញបានប្រើអំពើហិង្សាវាយមួយដៃទៅលើក្បាលអ្នកថតរូបទូរទស្សន៍កម្ពុជា ទទក ហើយអំពើហិង្សា ដែលខុសនឹងវិន័យព្រះធម្មនោះ ត្រូវគេឃើញថា មិនទាន់បានរងនឹងការដាក់ពិន័យពីព្រះវិន័យធម្មក្នុងវត្តនោះទេ។
ក្រុមសង្ឃដែលប្រើសំដីអសុរស អាមឹង បានប្រើភាសាគ្រោតគ្រាតដាក់ទាំងក្រុមអ្នកកាសែត និងមន្ត្រីក្រសួងធម្មការផងដែរនោះ បានធ្វើកាលពីវេលាថ្ងៃត្រង់ទី១១ធ្នូ ក្នុងពេល ដែលសង្ឃទាំងនេះ បាននាំគ្នាប្រមាណ១០អង្គ ធ្វើដំណើរមកដល់វត្តកោះ ក្នុងរាជធានីភ្នំពេញ ដើម្បីមកគាំទ្រមនុស្សតវ៉ាមួយ ចំនួន ដែលអះអាងថា ជាក្រុមខ្មែរកម្ពុជាក្រោម៕ Cambodia News