គ្រួសារពលករធ្វើការនៅម៉ាឡេស៊ីសុំឲ្យសមាគមអាដហុកជួយអន្តរាគមន៍
ពលការិនីទៅធ្វើការនៅម៉ាឡេស៊ី ជាច្រើននាក់នៅខេត្តកំពង់ឆ្នាំងបានបាត់ដំណឹង ខ្លះជាង៣ឆ្នាំមកហើយ ពុំមានការទាក់ទងមកគ្រួសារវិញឡើយ។ ដោយមានការព្រួយបារម្ភចំពោះកូនចៅ និងញាតិសន្តានញាតិសន្ដាន ឪពុកម្តាយពលការិនីទាំងនោះ បាននាំគ្នាមកដាក់បណ្ដឹង ដើម្បីឲ្យសមាគម អាដហុក (Adhoc) ប្រចាំខេត្តនេះជួយអន្តរាគមន៍ឲ្យកូនចៅរបស់ពួកគាត់បានវិលត្រឡប់មកវិញផង។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងឈ្មោះ នួន វឿន បាននិយាយថា កូនស្រីគាត់ឈ្មោះ អ៊ុក អុល អាយុ ២៣ឆ្នាំ បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៦ មករា ២០១០ តាមរយៈក្រុមហ៊ុន ថបមែន ផៅវ័រ (Top Man Power)
គាត់បន្តថា ចាប់តាំងពីថ្ងៃចេញដំណើររហូតមកដល់ថ្ងៃនេះ គាត់បានជួបនិយាយតាមទូរស័ព្ទជាមួយកូនគាត់បានតែម្ដងគត់ កាលពីឆ្នាំ២០១០ ហើយរហូតមកដល់ពេលនេះ គឺជាង៣ឆ្នាំហើយ គាត់មិនដែលបានទទួលដំណឹងពីកូនគាត់ម្ដងណាឡើយ។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០១២ សមាគម អាដហុក ទទួលបានពាក្យបណ្ដឹងសុំការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋជាង ៦០ករណី ក្នុងនោះមានពលករចុះទូកនេសាទទៅប្រទេសអាហ្វ្រិក ២១ករណី ប៉ុន្តែករណីទាំងនោះ មួយចំនួនយើងបានអន្តរាគមន៍ផ្ទាល់ទៅក្រុមហ៊ុន ឲ្យឆ្លើយជាមួយម្ចាស់បណ្ដឹង មួយចំនួនទៀត យើងបានធ្វើរបាយការណ៍បញ្ជូនទៅការិយាល័យ អាដហុក ភ្នំពេញ ឲ្យជួយអន្តរាគមន៍ទៅលើទៀត។
លោកស្រី ប្រាក់ សៅនី ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សំណូមពរឲ្យប្រជាពលរដ្ឋដែលមានបញ្ហាបាត់ដំណឹងកូនចៅ មកដាក់បណ្ដឹងដើម្បីអ្នកស្រីមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីជួយប្រជាពលរដ្ឋទាំងនោះ៕