សុខ សោម៉ាវត្តី បដិសេធព័ត៌មានជម្នះចិត្តស្វាមីដើម្បីចូលសិល្បៈជាថ្មី
ភ្នំពេញ ៖ បន្ទាប់ពីសម្រាលបានកូនស្រីមក តារាសម្តែង និងពិធីការិនី សុខ សោម៉ាវត្តី បានវិលចូលពិភពសិល្បៈជាថ្មីឡើងវិញ ខណៈពេល ដែលមុននេះមានការលើកឡើងថា នាងមិនអាចវិលមកកាន់អាជីពរបស់ខ្លួនឡើងវិញបានឡើយដោយសារ តែនាងរៀបការជាមួយកូនមន្ត្រីម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានមុខមាត់ក្នុងសង្គម ដែលអាចធ្វើឲ្យនាងរស់នៅក្នុងជីវភាពល្អប្រសើរ ។
ផ្ទុយទៅវិញវត្តីបានចាប់អាជីពចាស់វិញដែលនាំឲ្យគេគិតថា ទំនងជាមិនអាចដកឃ្លាទៅឆ្ងាយពីសិល្បៈបានទេ ទើបនាងជម្នះចិត្តស្វាមី ក៏ដូចជា ក្រុមគ្រួសារដើម្បីបានវិលទៅកាន់ពិភពសិល្បៈឡើងវិញ ។ការ លើកឡើងបែបនេះត្រូវតារាសម្តែងកូនមួយរូបនេះបដិសេធ ដោយនាងលើកឡើងថា ការវិលមកកាន់ពិភពសិល្បៈជាថ្មីឡើងវិញក្រោយសម្រាលកូននេះ គឺស្វាមីរបស់នាងបានយល់ស្របមួយរយភាគរយ ហើយការវិលជាថ្មីនេះគឺជាការស្រឡាញ់ចូលចិត្តរបស់នាងសុទ្ធសាធ ។
សុខ សោម៉ាវត្តី បានអះអាងថា ការវិលចូលពិភពសិល្បៈជាថ្មីនេះគឺស្វាមីបានយល់ព្រម មួយរយភាគរយ ពីព្រោះស្វាមីរបស់នាងបានដឹងយ៉ាងច្បាស់ថា នាងស្រឡាញ់សិល្បៈហើយស្វាមីរបស់នាងស្រឡាញ់នាងក៏នៅក្នុងពិភពសិល្បៈនេះដែរ ។ ការវិលមកពិភពសិល្បៈវិញនេះគឺជាការស្រឡាញ់របស់នាងសុទ្ធសាធ ។
សុខ សោម៉ាវត្តី បានបដិសេធចោលព័ត៌មានបាចសាចមួយចំនួនកន្លងមក ដែលចោទប្រកាន់មកលើរូបនាងថា បានជម្នះចិត្តស្វាមី ដើម្បីបានចូលប្រឡូកសិល្បៈជាថ្មី ដោយនាងបញ្ជាក់ថា បញ្ហានេះគឺនាងបានទទួលការគាំទ្រពីស្វាមី ក៏ដូចជាឪពុកម្តាយក្មេកផងដែរ ដោយពួកគាត់មិនបានហាមឃាត់នាងចូលពិភពសិល្បៈជាថ្មីឡើយ ។
តារា រូបនេះអះអាងបន្ថែមថា ការវិលមកកាន់ការសម្តែងជាថ្មីរបស់នាងនាពេលនេះគឺនាងនឹង ប្រឡូកឲ្យពេញដៃដូចមុនដដែល ប៉ុន្តែនាងនៅតែបដិសេធចោលដដែលនូវឈុតឆាកដែលមានការអោបរឹត ខ្លាំង ព្រោះកន្លងមកនាងក៏បានធ្វើដូច្នេះដែរមិនមែនទើបតែពេលមាន ស្វាមីឡើយ ។
សុខ សោម៉ាវត្តី និយាយថា «តាំងពីចូលសម្តែងមកនាងខ្ញុំតែងតែបដិសេធការសម្តែងអោប រឹតនេះ ។ ការមិនទទួលឈុតឆាកបែបនេះមិនមែននាងខ្ញុំទើបតែបដិសេធពេលមាន ស្វាមីឡើយ ព្រោះឈុតឆាកបែបនេះនាងខ្ញុំនៅតែមានការអៀនខ្មាសនៅឡើយ» ។
ជា ការកត់សម្គាល់ការវិលមកកាន់ការសម្តែងរបស់សុខ សោម៉ាវត្តី នេះត្រូវគេមើលឃើញថា ទីផ្សារសិល្បៈរបស់នាងនៅតែមានការកាក់កបដដែលបើទោះបីជា គ្មានអ្នកណាមួយដែលមិនដឹងថា នាងមានស្វាមី និងមានកូនស្រីម្នាក់ទៅហើយនោះ ។ ចាប់តាំងពីសម្រាលកូនមក សោម៉ាវត្តីបានបង្ហាញមុខជាតួឯកបានចំនួន៣រឿងហើយ រឿងទី១មានចំណងជើងថា«អស្ចារ្យណាស់លោកប្តីខ្ញុំ» រឿងទី២«ស្រមោលស្នេហ៍អតីត» និងរឿងទី៣«ក្រឡអីហ្នឹង»។ក្រៅពីការសម្តែងនេះសោម៉ាវត្ដី បានកាន់កម្មវិធីចំនួន២នៅទូរទស្សន៍បាយ័នគឺកម្មវិធីTV Friend និងកម្មវិធីពិភពរីករាយ ហើយនាងក៏កំពុងតែស្ថិតនៅក្នុងការរង់ចាំកាន់កម្មវិធីបន្ថែមទៀត សម្រាប់ស្ថានីយទូរទស្សន៍ថ្មីដែលស្ថិតនៅក្នុងចង្កោមស្ថានីយ ទូរទស្សន៍បាយ័នដែរ ។
ទោះជាយ៉ាងណាក្ដី តារាសម្តែងមុខស្រស់រូបនេះមិនមានការរំពឹងទុកនៅឡើយទេថា ការវិលមកកាន់ការសម្តែងជាថ្មីរបស់នាងនាពេលនេះនឹងទទួលបានការ គាំទ្រពីទស្សនិកជន ឬយ៉ាងណានោះ ដោយសារកន្លងមកខ្លួននាងផ្ទាល់ក៏មិនបានដឹងច្បាស់ថា នាងបានទទួលការគាំទ្រក្នុងកម្រិតណាដែរ ។ ប៉ុន្តែនាងនឹងចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈនេះឲ្យបានពេញដៃ ឡើងវិញ បន្ទាប់ពីខកខានមួយរយៈ ខណៈពេលដែលរូបនាង និងស្វាមីបានយល់ស្របគ្នាក្នុងការពន្យារពេលយកកូនម្នាក់ទៀត រហូតដល់៦ឆ្នាំ ៕ ដោយ៖ ស.រ/Cambodia News