ពលរដ្ឋស្រុកក្រូចឆ្មារមានការខ្វះខាតថវិកាព្យាបាលជំងឺគ្រុនឈីក
នៅថ្ងៃទី២ កក្កដា ២០១២ ភូមិមួយចំនួនស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលជាស្រុកជាប់នឹងដងទន្លេមេគង្គ មានប្រជាពលរដ្ឋនៅក្នុងឃុំស្វាយឃ្លាំង នៅឃុំប៉ើស១ និងប៉ើស២ បាននាំអ្នកជំងឺទៅព្យាបាលនៅពេទ្យឯកជន ហើយក្រុមគ្រួសាររបស់ពួកគេបានជិះម៉ូតូ ឌុបអ្នកជំងឺ ដោយដៃម្ខាងជាប់សេរ៉ូម ដែលអ្នកជំងឺទាំងនោះភាគច្រើនជាមនុស្សចាស់ និងក្មេង។
ប្រជាពលរដ្ឋភាគច្រើននៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានត្អូញត្អែរ ពីប្រឈមនឹងបញ្ហាលំបាក ដោយសារគ្មានលុយទៅព្យាបាលជំងឺគ្រុនឈីក ដែលកំពុងរីករាលដាល ពីម្នាក់ទៅម្នាក់ នៅពេទ្យឯកជនក្នុងភូមិ។
ស្ត្រីឈ្មោះ ទេព អឿន នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ និយាយថា កូនរបស់គាត់បីនាក់បានឈឺជំងឺគ្រុនឈីក ហើយកំពុងដាក់សេរ៉ូមនៅពេទ្យឯកជនក្នុងភូមិ ដែលត្រូវចំណាយលុយជិត ៥០ម៉ឺនរៀល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ជាសះស្បើយនៅឡើយ។
លោក ផឿង សាវ៉ាត មានអាយុជាង ៣០ឆ្នាំ បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា «កាលពីបីថ្ងៃមុនលោកមានអាការៈក្ដៅខ្លួន ឈឺតាមសន្លាក់ ទៅឲ្យគ្រូពេទ្យជួសឈាមមើលពេទ្យថា លោកមានជំងឺគ្រុនឈីក»។ លោកមិនទៅព្យាបាលនៅមណ្ឌលសុខភាពទេ ពីព្រោះថា នៅមណ្ឌលសុខភាព ឬទៅព្យាបាលជំងឺនៅពេទ្យបង្អែកស្រុក អស់លុយដូចគ្នា ដូច្នេះ លោកសុខចិត្តព្យាបាលនៅពេទ្យឯកជន អាចជំពាក់ពេទ្យបានខ្លះ។
ចំពោះបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក ស៊ូ ភារុន ជា ឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានផ្ដល់ថ្នាំ និងសេរ៉ូមគ្រប់គ្រាន់ សម្រាប់ព្យាបាលជំងឺគ្រុនឈីក នេះ ទៅឲ្យមណ្ឌលសុភាពនានា។ ចំពោះប្រជាពលរដ្ឋទូទៅ ត្រូវបង់ថ្លៃសេវានៅមណ្ឌលសុខភាព តែ១ពាន់រៀលទេ ក្នុងម្នាក់។ ដោយឡែក ចំពោះប្រជាពលរដ្ឋក្រីក្រ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក មិនយកថ្លៃសេវាព្យាបាលនោះទេ។
លោកបានបន្តថា មូលហេតុសំខាន់នៃការកើតជំងឺគ្រុនឈីក នេះ មិនខុសពីជំងឺគ្រុនឈាមទេ គឺបណ្ដាលមកពីមូសខាំ។ លោក ស៊ួ ភារុន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅស្អាត មានអនាម័យ និងសម្អាតបរិស្ថាននៅជុំវិញខ្លួន ដើម្បីកុំឲ្យកើតជំងឺគ្រុនឈីក។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មិនទាន់បានឃើញមន្ត្រីសុខាភិបាលចុះផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈីក នេះ នៅឡើយ អ្វីដែលជាបញ្ហាជួបប្រទះរបស់ពួកគាត់នោះ គឺបញ្ហាថវិកាព្យាបាលជំងឺ៕