បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃធូរស្បើយច្រើន មុនថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ
នៅថ្ងៃពុធនេះ នៅក្រុងបាងកកប្រទេសថៃ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនធំ បានផ្អាកសកម្មភាពតវ៉ារបស់ខ្លួន ដើម្បីអោយអាជ្ញាធរអាចរៀបចំពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ប៊ូមីបុល អាដុល យ៉ាដេ។ ព្រះមហាក្សត្រថៃនឹងមានព្រះជន្ម៨៦ព្រះវស្សា នៅថ្ងៃ៥ធ្នូស្អែកនេះ។ ចំនួនបាតុករដែលមានដល់១សែន៨ម៉ឺននាក់ ក្នុងសកម្មភាពកន្លងមក បានថយចុះមកនៅប្រមាណបួនពាន់នាក់ នៅថ្ងៃពុធនេះ។
បន្ទាប់ពីបាន ធ្វើបាតុកម្មផុសផុលប្រឆាំងរដ្ឋាភិបាលថៃ អស់រយៈពេលច្រើនសប្តាហ៍មក នៅក្រុងបាងកក ថ្ងៃពុធនេះ សកម្មជនប្រឆាំងមួយចំនួនធំ បានផ្អាកសកម្មភាពតវ៉ារបស់ខ្លួន ដើម្បីរៀបចំពិធីចំរើនព្រះជន្មព្រះមហាក្សត្រ ប៊ូមីបុល អាដុលយ៉ាដេ ដែលត្រូវយាងចូល៨៦ព្រះវស្សា នៅថ្ងៃ៥ធ្នូស្អែកនេះ។
នៅវិមាន ប្រជាធិបតេយ្យដែលជានិមិត្តរូបនៃចលនាបាតុកម្ម សកម្មជនប្រឆាំងរដ្ឋាភិបាលថៃបានសហការជាមួយបុគ្គលិកការងារ ក្រុង ដើម្បីបោសសំអាតជំរំ ដែលពួកគេបានបោះទីតាំង រាប់អាទិត្យមកហើយនោះ។ ជំរំនេះស្ថិតនៅកណ្តាលមហាវិថីមួយ ដែលនៅទីនោះ អាជ្ញាធរថៃតែងប្រារព្ធពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ។ សកម្មជនប្រឆាំងប្រាប់ថា ពួកគេនឹងបន្តបាតុកម្មតវ៉ាទៀត នៅពេលចប់ពិធីចំរើនព្រះជន្មនេះ។
គួររំលឹកថា អំពើហិង្សារវាងក្រុមបាតុករប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាល កាលពីចុងសប្តាហ៍កន្លងមក បានធ្វើអោយមនុស្ស៥នាក់បាត់បង់ជីវិត។ នៅថ្ងៃអង្គារម្សិលមិញ អាជ្ញាធរថៃបានប្តូរជំហរខ្លួន ដោយបានទុកអោយសកម្មជនប្រឆាំងបានសំរុកចូលទៅដល់វិមានរដ្ឋាភិបាល និងទីស្នាក់ការប៉ូលិសក្រុងបាងកក។ ហើយនៅថ្ងៃពុធនេះ បើទោះជាគេឃើញថា មានការផ្អាកបាតុកម្មជាទូទៅក្តី ក្រុមបាតុករមួយចំនួនតូច ប្រហែលជាជាងមួយពាន់នាក់ បានផ្តុំគ្នានៅពីមុខទីស្នាក់ការប៉ូលិសជាតិ។ ប៉ូលិសបានបណ្តោយអោយពួកគេកាត់របងលួស និងរំកិលប្លុកបេតុង។ ប៉ុន្តែ នៅទីបំផុត ក្រុមបាតុករបានចាកចេញពីទីស្នាក់ការប៉ូលិសដោយខ្លួនឯង។
យើងនៅមិនទាន់ដឹងនៅឡើយទេថា តើស្ថានភាពនៅថៃនឹងប្រែប្រួលបែបណាទៀត ក្រោយថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រថៃ។ ព្រះមហាក្សត្រថៃ ព្រះនាម ប៊ូមិបុល អាដុលយ៉ាដេ ដែលនឹងមានព្រះជន្ម៨៦ព្រះវស្សា នៅថ្ងៃស្អែកនេះ បានគ្រងរាជបល្ល័ង្កជាង៦ទស្សវត្សរមកហើយ។ ព្រះអង្គជានិមិត្តរូបនៃការរួបរួមជាតិថៃ ត្រូវបានប្រជាជនថៃគោរពយ៉ាងខ្លាំងក្លា។
តាំងពីថៃធ្លាក់ក្នុងវិបត្តិច្រើនសប្តាហ៍មកនេះ ព្រះមហាក្សត្រថៃនៅមិនទាន់បង្ហាញកាយ មានបន្ទូលអ្វីទាក់ទងនឹងបញ្ហានេះនៅឡើយទេ៕ដោយ ព្រំ សឿន សូលីណា (RFI)