លោក Barnaby Joyce ការពារ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋមន្រ្តី​ផែនការ​ថវិកា

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​ អូស្រ្តាលី​ លោក Barnaby Joyce ចេញមុខ​ការពារសេចក្តីសម្រេចចិត្ត​របស់​រដ្ឋមន្រ្តី​​ផែនការ​ថវិកា​ក្នុង​ការ ​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុនអាម៉េរិកឈ្មោះ​ Archer Daniels Midland ដែល​ហៅ​កាត់​ថា​ ADM ដេញ​ថ្លៃ​យក​ក្រុមហ៊ុន GrainCorp របស់​អូស្ត្រាលី។

សហរដ្ឋអាម៉េរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយសម្តែងការ​ខក​ចិត្ត​របស់​ខ្លួន​លើ​ការ​សម្រេច​ចិត្ត​នេះ។

សេចក្តី ​ថ្លែងការណ៍នេះ​ឲ្យ​ដឹង​ថា​ មកទល់​បច្ចុប្បន្ន​នេះសហរដ្ឋ​អាម៉េរិក​ជា​ដៃគូវិនិយោគ​បោះទុន​ដោយ​ផ្ទាល់​ ធំជាងគេ​ប្រចាំ​ប្រទេស​អូស្ត្រាលី​​ ដែល​មានទឹក​ប្រាក់​វិនិយោគលើ​គំរោង​ផ្សេងៗសរុប​ ១៣២ ពាន់​លានដុល្លារ។​ សេចក្តី​ថ្លែងការណ៍នេះ​ឲ្យ​ដឹងទៀត​ថា​សហរដ្ឋអាម៉េរិក​មាន​ បំណងស្ថាបនាវិស័យជំនួញនិង​វិនិយោគ​ជាមួយ​អូស្រ្តាលី។

ប៉ុន្តែលោក Barnaby Joyce និយាយ​ថាការ​សុំ​ដេញ​ថ្លៃ​យក​មាន​បញ្ហា​មួយ​ចំនួន។​ លោក​ Joyce គិត​ថា​បញ្ហា​មួយ​​ក្នុង​ចំណោម​បញ្ហាទាំងឡាយ​នោះគឺថាថវិកា​​ប្រមាណជា​ ៣០% នៃថវិការបស់​ក្រុមហ៊ុន Archer Daniels Midland ជា​ថវិកា​ឧបត្ថម្ភធននានា​របស់​សហរដ្ឋ​អាម៉េរិក ដែល​មាន​​ន័យ​ថា​បើ​កាល​ណា​ក្រុមហ៊ុន ADM ជាអ្នក​គ្រប់​គ្រង ក្រុមហ៊ុន GrainCorp នោះ​នឹងមានកត្តាថវិកាច្រើន​​ផ្នែក​​ជះឥទ្ធិពលមក​លើ​ដំណើរការ​របស់​​ ក្រុមហ៊ុន GrainCorp ។​ កត្តានេះ​នឹងនាំឲ្យ​គោលនយោបាយកសិកម្ម​​ផ្សេងៗរបស់​អាម៉េរិក​មាន​ឥទ្ធិពលមក​ លើ​ដំណើរ​ការ​របស់​​ក្រុមហ៊ុន GrainCorp ដែរ ដែល​កត្តានេះ​​មិន​​ហុចផល ប្រយោជន៍​​ច្រើន​ដល់​ប្រទេស​អូស្រ្តាលីនោះទេ ៕ (Radio Australia)

Related Articles

Back to top button
Close
Close