កូរ៉េខាងជើង​ប្រហែលជា​បាន​ដំឡើង​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​​នៅ​មជ្ឈមណ្ឌល​Yongbyonឡើងវិញ​

ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ បាន​​ប្រាប់​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា កូរ៉េខាងជើង​ប្រហែល​ជាបាន​ដំឡើង​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល ​នុយក្លេអ៊ែរ​យុងប៊ីយ៉ុង​ ឡើងវិញ​​​​​ហើយ។ ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិបាន​ធ្វើ​ការសន្និដ្ឋាន​ បែបនេះ​ដោយសំអាង​លើ​​​​រូបភាព​ផ្កាយរណប។ ក្រុមប្រឹក្សា​រដ្ឋបាល​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ បាន​បើកកិច្ចប្រជុំ​មិនបើកចំហរ ចំនួន​ពីរថ្ងៃ​ គឺ​ពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃសុក្រ​នេះ។

នៅថ្ងៃ ​ព្រហស្បតិ៍​នេះ យោងតាមលោក យូគីយ៉ា អាម៉ាណូ ជា​ប្រធានទូទៅ​នៃ​​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ កូរ៉េខាងជើង​ប្រហែល​ជាបាន​ដំឡើង​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល ​នុយក្លេអ៊ែរ​យុងប៊ីយ៉ុង ឡើងវិញ​​​រួចហើយ។ ​ការ​សន្និដ្ឋាន​នេះ​ គឺ​ផ្អែក​តាម​​​​រូបភាព​ផ្កាយរណប​ ដែល​ចាប់បានក្នុង​ពេល​កន្លងមក។

រូបភាពផ្កាយរណបជាច្រើន ហាក់​បង្ហាញ​ថា កូរ៉េខាងជើង​ហាក់​ប្រឹងប្រែង​ដំឡើង​ប្រតិករ​ទំហំ​៥មេហ្កាវ៉ាត់។ ប៉ុន្តែ​ ដោយសារ​តែ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ មិនអាច​ចូលទៅកាន់​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យុងប៊ីយ៉ុង របស់​កូរ៉េខាងជើង​បាន ទីភ្នាក់ងារ​មិន​ដឹងថា តើម៉ាស៊ីន​​ប្រតិកម្ម​​នោះ​ ត្រូវ​បាន​ដំឡើង​រួច​ហើយ រឺ​ក៏យ៉ាងណា​នោះទេ។

គួររំលឹកថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យុងប៊ីយ៉ុង​ ស្ថិត​នៅ​ភាគខាងជើង​ក្រុងព្យុងយ៉ាង គឺ​ជា​ប្រភព​សំរាប់​បង្កើត​ធាតុ​ភ្លុយតូនីញ៉ូម​តែមួយគត់​សំរាប់​កូរ៉េខាងជើង សំរាប់​​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ កូរ៉េខាងជើង​មានធាតុ​ភ្លុយតូនីញ៉ូម​នេះ គ្រប់គ្រាន់ សំរាប់​ផលិត​គ្រាប់បែក​បរមាណូ បានពី​ ៤ទៅ​៨គ្រាប់។

កូរ៉េខាងជើង​បាន​បិទទ្វារ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យុងប៊ីយ៉ុង នៅឆ្នាំ​២០០៧។ នៅឆ្នាំ​២០០៩ រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បាន​បណ្តេញ​​អ្នកជំនាញ​ទីភ្នាក់ងារថាមពល​បរមាណូ​ អន្តរជាតិ​ ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​ចាប់​ពីពេលនោះ​មក កូរ៉េខាងជើង​តែងបដិសេធ​មិនស្វាគមន៍​វត្តមាន​អ្នកជំនាញ​ទាំងនោះទៀតទេ។

កាលពី​​ខែកុម្ភៈ​ ដើមឆ្នាំ ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ជាលើកទី៣​ម្តងទៀត នៅ​ក្រោមដី ផ្ទុយទៅនឹង​សេចក្តីសំរេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ទង្វើ​នេះ​បាន​បង្ក​អោយ​មាន​ភាពតានតឹង​ក្នុង​តំបន់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close