ពលកម្មកុមារនៅកម្ពុជាមានការកើនឡើង
ភ្នំពេញ ៖ ការរកឃើញអំពីការកើនឡើងនៃពលកម្មកុមារនេះ ត្រូវបានបង្ហាញដោយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលអង្កេតមួយ នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា។
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងអង្គការអន្តរជាតិខាងការងារ គឺបានអង្កេតជាសំខាន់ទៅលើការចូលរៀនរបស់កុមារ សកម្មភាពសកម្មរបស់កុមារក្នុងវិស័យសេដ្ឋកិច្ច ការចូលរួមរបស់កុមារក្នុងមុខងារគ្រួសារ និងប្រភេទការងារគ្រោះថ្នាក់ដែលកុមារធ្វើ។
កុមារប្រមាណ ២៤ម៉ឺននាក់ ដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំ ធ្វើការនៅក្នុងលក្ខខណ្ឌគ្រោះថ្នាក់។ របាយការណ៍បញ្ជាក់បន្ថែមថា ចំនួនកុមារាធ្វើពលកម្មច្រើនជាងកុមារី ក៏ប៉ុន្តែ កុមារីធ្វើការនៅក្នុងផ្ទះច្រើនម៉ោងជាងកុមារា។
កុមារធ្វើការដែលមានអាយុ ១២ ទៅ ១៧ឆ្នាំ ចំនួន ២ ភាគ ៣ ធ្វើការលើស ៤៨ម៉ោងក្នុងមួយសប្ដាហ៍។ កុមារធ្វើការភាគច្រើន គឺ ៤៨% បោះបង់ចោលការសិក្សា ឬមិនដែលបានចូលរៀនសោះ។ រីឯកុមារជិតពាក់កណ្ដាលទៀត ធ្វើការផងរៀនផង។
ទាំងមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងអង្គការអន្តរជាតិខាងការងារ បញ្ជាក់ថា របាយការណ៍នេះ គឺជាការបង្ហាញពីភាពចាំបាច់ឱ្យមានអន្តរាគមន៍ផ្នែកគោលនយោបាយ និងកម្មវិធីនានា ដើម្បីលុបបំបាត់ពលកម្មកុមារ និងដើម្បីធ្វើឱ្យមានប្រសិទ្ធភាពដល់ការអប់រំសម្រាប់ទាំងអស់គ្នា និងគោលនយោបាយក្នុងការរៀនសូត្រ៕ Cambodia News