កម្ពុជានិងពិភពលោករួមគ្នានៅប្រទេសប៉ារ៉ែន ដើម្បីអភិវឌ្ឍឲ្យមាននិរន្តរភាព
ទីក្រុងម៉ាណាម៉ា៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះបានធ្វើការប្តេជ្ញាចិត្តខ្ពស់ជាមួយមន្រ្តីសមភាភីនៅក្នុងតំបន់អាស៊ីនិងពិភពលោកថា កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពក្នុងការចូលរួមចំណែកលើការងារអភិវឌ្ឍន៍ប្រកបដោយចេរភាព។
ថ្លែងនៅក្នុង “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី១២” ដែលបានធ្វើឡើងរយៈពេលពីរថ្ងៃនាថ្ងៃទី ២៤ – ២៥ វិច្ឆិកា ២០១៣ កន្លងទៅនេះនៅឯទីក្រុងម៉ាណាម៉ានៃព្រះរាជាណាចក្រប៉ារ៉ែន លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា កម្ពុជាជំរុញការបន្តរក្សាការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅក្នុងពិភពលោកទាំងមូលផងដែរ។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ក្នុងនាមជាសមាជិកដ៏សំខាន់មួយនៃវិស័យទេសចរណ៍ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការដែលបានប្រព្រឹត្តទៅនៅទីក្រុងសៀមរាបកាលពីឆ្នាំកន្លងទៅ ដោយលោកបន្ថែមថា “អាស៊ីត្រូវការឱ្យមានការរួបរួម ឯកភាពគ្នា និងចាប់អនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការមានចំនួនជាង ២០ វិស័យនៃកិច្ចសន្ទនាសហបតិបត្តិការអាស៊ី ដែលមានប្រទេសចំនួន ៣៣ ជាសមាជិក”។
លោកបានបន្តថា “យើងត្រូវប្រមូលផ្តុំបន្ថែមទៀតនូវភាពសម្បូរបែបនៃតំបន់ប្រវត្តិសាស្ត្រនានារបស់បណ្តាប្រទេសជាសមាជិក កិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី ដើម្បីជំរុញទិសដៅទាក់ទាញទេសចរណ៍។ កម្ពុជាមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមយកឈ្មោះទីក្រុងទេសចរអាស៊ីនឹងជួយជំរុញកិច្ចសហប្រតិបត្តិទៅវិញទៅមកក្នុងវិស័យទេសចរ សេដ្ឋកិច្ច វប្បធ៌ម ពាណិជ្ជកម្ម ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីថែមទៀត។ ជាក់ស្តែងតាមសំណើរបស់បារ៉ែន ឆ្នាំ ២០១៤ នេះ គឹ ក្រុង ម៉ាណាម៉ា ជាក្រុងទេសចរណ៍នៅអាស៊ី”។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្របារ៉ែន និងព្រះរាជាណាចក្រថៃជាអ្នកសម្របសម្រួលរួមគ្នានៃ “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី ១២” នេះ។
ជាទៀងទាត់ “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី” បានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ ២០១២ កិច្ចប្រជុំនេះបានធ្វើនៅក្នុងទីក្រុង ដាស់សេនបេ (Dushanbe) នៃប្រទេសតាក់គីជីស្ថាន (Tajikistan)។
កិច្ចប្រជុំលើកទី១២នេះក៏បានឯកភាពទទួលយកប្រទេស តួគី ជាសមាជិកថ្មី ហើយបានចាត់ទុកទីក្រុង Manama ជាទីក្រុងទេសចរណ៍នៅអាស៊ីឆ្នាំ ២០១៤។ កិច្ចប្រជុំក៏សម្រេចបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ “កិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី” នៅទីក្រុងគុយវ៉ែត ដោយចាត់តាំងឲ្យមានអគ្គលេខាធិការ។
នៅឆ្នាំ ២០១៤ កិច្ចប្រជុំលើកទី១៣ នឹងរៀបចំនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កិច្ចប្រជុំលើកទី១៤ រួមជាមួយ “កិច្ចប្រជុំកំពូលកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី ២” នឹងធ្វើនៅប្រទេសថៃនាឆ្នាំ ២០១៥ ហើយប្រទេសអ៊ីស្លាមអ៊ីរ៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំកំពូលកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី ៣” នាឆ្នាំ ២០១៨៕ (អត្ថបទប្រែសម្រួលដោយ សារព័ត៌មានយុវវ័យថ្មី ដកស្រង់ចេញពីរបាយការណ៍របស់មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត)