សន្និសីទីហ្សឺណែវ​លើកទី២​ស្តីពី​វិបត្តិ​ស៊ីរី​នឹង​បើកធ្វើ​នៅ​ថ្ងៃទី​២២មករា

អស់រយៈពេល ​ជាង ៦ខែ​មកហើយ ដែល​សហគមន៍​អន្តរជាតិ​ព្យាយាម​ស្វះស្វែង​រៀបចំ​សន្និសីទ​ក្រុង​ហ្សឺណែវ​ លើកទី២ ស្តីពី​វិបត្តិ​ស៊ីរី។ ទើបតែ​ពេលនេះ ដែល​គេ​អាច​កំណត់​ច្បាស់លាស់​ អំពី​កាលបរិច្ឆេទ​នៃ​សន្និសីទ​នេះ គឺ​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៤​ខាងមុខ។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​លោក​បាន គីមូន អគ្គលេខាធិការ​​អ.ស.ប កាល​ពី​ថ្ងៃ​ចន្ទ។

សន្និសីទ ​ក្រុងហ្សឺណែវ​លើកទី២ នៅថ្ងៃ​ទី២២ មករា ឆ្នាំ២០១៤ ខាងមុខ​នេះ​គឺ​ជា​ឱកាស​ដ៏កម្រមួយ សម្រាប់​ឲ្យ​រដ្ឋាភិបាល និង​ក្រុម​ប្រឆាំង​ស៊ីរី​អាច​អង្គុយ​ទល់មុខគ្នា ដើម្បី​ជជែក​គ្នា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល ដែល​អូសបន្លាយ​ពេល​ជាង ២ឆ្នាំ​មកហើយ។

រុស្ស៊ី អាមេរិក និង​បារាំង សុទ្ធតែ​បាន​ថ្លែង​គាំទ្រ​ការ​បើក​សន្និសីទ​ក្រុងហ្សឺណែវ​លើកទី២​នេះ។ ក៏ប៉ុន្តែ បើ​តាម​លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង សន្និសីទី​​​នេះ នឹង​ត្រូវ​បើក​ធ្វើ ដោយ​មិនមាន​​វត្តមាន​លោក​បាស្ហា អាល់អាសាដ ប្រធានាធិបតី​ស៊ីរី​នោះទេ ហើយ​ក៏​គ្មាន​វត្តមាន​ក្រុមប្រឆាំង ដែល​មាន​ប្រភព​ពី​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​នោះដែរ។ ប្រមុខការទូត​បារាំង​បាន​ពន្យល់ថា ការធ្វើ​បែបនេះ “គឺ​​​ជាផ្លូវ​តែមួយគត់ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី ដោយគ្មាន​វត្តមាន​លោក​បាស្ហា​ អាល់អាសាដ និង​ដោយ​គ្មាន​វត្តមាន​​ក្រុម​ភេរវជន”

ក្រុមប្រឆាំង​ស៊ីរី ឈ្មោះ National Coalition បាន​ចេញ​សេចក្តីប្រកាស​មួយ​ នៅថ្ងៃ​អង្គារ​នេះ ដោយ​បាន​ស្វាគមន៍​ការ​បើក​ធ្វើ​សន្និសីទ​ក្រុង​ហ្សឺណែវ​លើកទី២ ហើយ​បាន​ទទូច​ថា លោក​បាស្ហា អាល់អាសាដ មិនត្រូវ​មាន​តួនាទី​អ្វី​ទាំងអស់ នៅ​ក្នុង​នយោបាយ​ស៊ីរី ទៅថ្ងៃ​អនាគត។

លោក​ឡាក់ដា ប្រាហ៊ីមី ប្រេសិត​ពិសេស​របស់​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់វិញ​ បាន​ឲ្យដឹង​ថា រហូតមកទល់នឹង​ពេលនេះ គេ​នៅ​មិនទាន់​បាន​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយទេ អំពី​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូលរួម នៅ​ក្នុង​សន្និសីទ​ក្រុងហ្សឺណែវ នៅខែ​មករា​ខាងមុខនេះ។

គេនៅតែ​មិនទាន់ដឹង​ច្បាស់នៅឡើយថា តើ​នៅ​ក្នុង​សន្និសីទ​នេះ នឹង​មាន​វត្តមាន​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់​ដែរ​ឬ​ក៏​យ៉ាងណា?​ដោយ សេង ឌីណា​(RFI)

Related Articles

Back to top button
Close
Close