យុវជន ២០០ នាក់បង្ហាញតម្រូវការចាំបាច់របស់ពួកគេដល់រដ្ឋាភិបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ ក្រុមយុវជនប្រមាណជា ២០០ នាក់ មកពីបណ្តាខេត្ត-ក្រុងចំនួន ៩ ក្នុងប្រទេសកម្ពុជា បានជួបជុំគ្នាក្នុងសិក្ខាសាលាមួយដែលធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ដើម្បីចែករំលែកព័ត៌មាន និងបង្ហាញពីតម្រូវការចាំបាច់នានារបស់យុវជនដើម្បីផ្ញើសារជូន រាជរដ្ឋាភិបាលឲ្យធ្វើការកែលម្អ។
ប្រធានសមាគមន៍យុវជនខ្មែរមានប្រសាសន៍ថា លោក ម៉ាក ចំរើន គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីផ្តល់ឱកាសឲ្យយុវជនតាម សហគមន៍លើកឡើងអំពីឧបសគ្គនៃការ អភិវឌ្ឍន៍តាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេស ដើម្បីឲ្យពួកគេបង្ហាញពីតម្រូវការចាំបាច់របស់ពួកគេ ដើម្បីផ្ញើសារជូនរដ្ឋាភិបាលឲ្យជួយគិតគូរពីកង្វល់ពួកគេនាថ្ងៃ អនាគត។
យុវនជាច្រើននាក់ក្នុងចំណោមយុវជនជាង ២០០ នាក់ ដែលមកចូលរួមក្នុងសិក្ខាសាលានេះ សុទ្ធតែបានអះអាងថា រនាំង ឬឧបសគ្គក្នុងការអភិវឌ្ឍន៍មូលដ្ឋានពួកគេ គឺអំពើពុករលួយ ផ្តើមដោយអាជ្ញាធររដ្ឋាភិបាលចាប់ពីថ្នាក់មូលដ្ឋាន។
បន្ថែមលើនេះ តម្រូវការរបស់យុវជនពេលនេះ គឺចង់ឲ្យរដ្ឋាភិបាលលើកកំពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានការអប់រំស្មើភាព ឬបង្កើតឲ្យមានការងារធ្វើជូនយុវជន។ បន្ថែមពីនេះ ក្រុមយុវជនទាំងនោះស្នើឲ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយដែល ចាក់ឬសនៅក្នុងមូលដ្ឋាន និងបញ្ឈប់សកម្មភាពគំរាមកំហែងពលរដ្ឋតាមសហគមន៍៕ Cambodia News