បោះឆ្នោត​ម៉ាលី៖​ជនប្រដាប់​អាវុធ​ច្រើននាក់​ចូលប្លន់​ហិបឆ្នោត​មួយ​ នៅ​ភាគ​ខាងជើង​

នៅថ្ងៃ​អាទិត្យ​នេះ នៅប្រទេស​ម៉ាលី ក្នុង​ពេល​មានការ​រៀបចំ​​បោះឆ្នោត​​សភានៅជុំទី១​នោះ មាន​ជនប្រដាប់​អាវុធ​ជាច្រើន​នាក់ បាននាំគ្នា​ចូលទៅ​ប្លន់​យកហិប​ឆ្នោត​មួយ នៅការិយាល័យ​បោះឆ្នោត​មួយកន្លែង​ ក្នុង​តំបន់​ហ្គុនដាំ ជិត​​តំបន់​តុំប៊ុកទូ ភាគពាយព្យ​ប្រទេស។ នេះ​បើយោង​តាម​ការ​ប្រាប់អោយ​ដឹង​​ពី​ចៅហ្វាយ​ក្រុង​​ហ្គុនដាំ។ នៅថ្ងៃ​អាទិត្យ​នេះ ប្រជាជនម៉ាលី​ប្រមាណ​៦លាន៥សែន​នាក់ បាននាំគ្នា​ទៅបោះឆ្នោត​សភា​ ដើម្បី​អោយ​ប្រទេស​ម៉ាលី​ដែល​រង​នូវ​រដ្ឋប្រហារ​​កាលពីខែ​មិនា ឆ្នាំ២០១២ អាច​​​រៀបចំ​រដ្ឋធម្មនុញ្ញ​អោយ​មាន​សណ្តាប់ធ្នាប់​​ឡើងវិញ​ជាស្ថាពរ។

នៅថ្ងៃ ​អាទិត្យ​នេះ ការបោះឆ្នោតសភា​​នៅប្រទេស​ម៉ាលី​បានធ្វើឡើង​ដោយមាន​ការ​ពង្រឹង​សន្តិសុខ​​ ខ្ពស់​ពី​អាជ្ញាធរ ក៏ប៉ុន្តែ ដំណើរ​​ការបោះឆ្នោត​មិន​​ប្រព្រឹត្តទៅ​បាន​​​ល្អ​ ដូច​ការចង់​ បាននោះទេ។

ម្សិលមិញ​​នេះ លោកស្រី អ៊ូមូ សាល់ សេក Oumou Sall Seck ចៅហ្វាយ​ក្រុង​តំបន់ហ្គុនដាំ​ស្ថិត​នៅភាគ​ខាងជើង​ប្រទេស​ម៉ាលី បាន​ប្រាប់​ថា នៅការិយាល័យ​បោះឆ្នោត​មួយកន្លែង​ ក្នុង​តំបន់​ហ្គុនដាំនេះមាន​ជនប្រដាប់​អាវុធ​ជាច្រើន​នាក់ បាននាំគ្នា​ចូលទៅ​ប្លន់​យកហិប​ឆ្នោត​មួយដែល​ប្រើសំរាប់​ការបោះឆ្នោតសភា​​ ក្នុងជុំទី១​នោះ។ ប៉ុន្តែ ចៅហ្វាយក្រុង​រូបនេះ​មិនបាន​​ផ្តល់​ព័ត៌មាន​អ្វីទាក់ទង​អត្តសញ្ញាណ​​​ ជនប្រដាប់អាវុធ​ទាំងនោះទេ។

ក្រៅពី​ហេតុការណ៍ប្លន់ហិបឆ្នោត​​នោះ​ ចៅហ្វាយក្រុង​ហ្គុនដាំ​ ​ក៏បាន​​ប្រាប់​ដែរ​ថា នៅ​តាគូបូ ជា​កន្លែង​មួយ​នៅ​១៥គីឡូម៉ែត្រ​ពី​តំបន់​ហ្គុនដាំ​នេះ ក៏​មាន​ការដកហូត​​បណ្ណបោះឆ្នោត​​ជាច្រើន​ពី​​ប្រជាជន​ម៉ាលីផងដែរ។ ​ដោយឡែក ​លោក ដាឌីយ៉េ ឌីយ៉ង់ហ្កូ Dadié Diango ប្រធាន​គណៈកម្មការ​​បោះឆ្នោត​ជាតិ​ឯករាជ្យ​មួយ​នៅតំបន់​ហ្គុនដាំ បាន​ប្រាប់ថា ​មានភាព​មិនប្រក្រតី​ជាច្រើន​បានកើតឡើង​ក្នុង​ពេលបោះឆ្នោត​​នៅ​តំបន់​ តុំប៊ុកទូ ដែល​ស្ថិត​នៅ​ខាងជើង​​ប្រទេស​ក្បែរ​តំបន់​ហ្គុនដាំ​នេះ​ផងដែរ។ លោក​ឌីយ៉ង់ហ្កូ​ក៏បាន​កត់សម្គាល់​ផងដែរ​នូវ​អវត្តមាន​ ហិបឆ្នោត​​ជាច្រើន​​​ហិប នៅ​តាម​ការិយាល័យបោះឆ្នោត​ផ្សេងៗ​​​ នៅតំបន់​​តុំប៊ុកទូ​នេះ​។

នៅថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ប្រជាជន​ម៉ាលី​ប្រមាណ​៦លាន​៥សែននាក់ បាននាំគ្នា​ទៅ​បោះឆ្នោត​​សភា ដើម្បី​​អាច​អោយ​ម៉ាលី​រៀបចំ​រដ្ឋធម្មនុញ្ញ​អោយ​មាន​សណ្តាប់ធ្នាប់​​ ជាស្ថាពរ​ឡើងវិញ បន្ទាប់​ពីប្រទេស​នេះ​បានរងគ្រោះ​ដោយ​រដ្ឋប្រហារ​ ក្នុង​ខែមិនា ឆ្នាំ២០១២ កន្លងទៅ។ រដ្ឋប្រហារ​កាលណោះ​បាន​ធ្វើអោយ​ភាគខាងជើង​ប្រទេស​ម៉ាលី ធ្លាក់​ក្នុងកណ្តាប់ដៃ​ក្រុម​អ៊ីស្លាម​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ ក្រុមអាល់កៃដា។

ចាប់ពី​ខែ​មករាដើមឆ្នាំ​មក សហគមន៍​អន្តរជាតិ​ក្រោម​​ការផ្តួចផ្តើម​របស់​រដ្ឋាភិបាល​បារាំង​​ បាន​ធ្វើប្រតិបត្តិការ​​កំចាត់​ក្រុមឧទ្ទាម​ទាំងនេះ នៅម៉ាលី។ ហើយ​ចាប់ពី​ចុងខែ​កញ្ញាមក ការវាយប្រហារ​ និង​អំពើ​ភេរវកម្ម​ជាច្រើន​ បាន​សម្លាប់​ទាហាន​ម៉ាលី ទាហាន​ឆាដ និង​ជនស៊ីវិល ប្រមាណ​ជាង​១០នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close