កម្ពុជាទទួលរងឥទ្ធិពល កូនព្យុះឌុកសូរី
ភ្នំពេញ៖ នៅថ្ងៃទី២៨ មិថុនា ២០១២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ «ឌុកសូរី» ចាប់ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី០១ កក្កដា ធ្វើ ឲ្យមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់បក់បោកខ្លាំង។
យោងទៅលើសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារៈណជនឲ្យបានជ្រាបថា បន្ទាប់ពីធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ រួចមកហើយឃើញថា នៅវេលាម៉ោង ៧ ព្រឹក នាថ្ងៃទី២៧ មិថុនា ២០១២ មានកូនព្យុះមួយឈ្មោះ ឌុក សូរី (ព្យុះទី៦) បានកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេហ្វីលីពីន។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ សូមមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ទប់ស្កាត់ឲ្យខានតែបាននូវការធ្វើដំណើរការនេសាទ និងការកំសាន្តតាមសមុទ្រគ្រប់ប្រភេទ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕