កម្មកររោងចក្រ ឃីងហ្វឺស ៨៨នាក់ដួល សន្លប់
កណ្តាល៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ កម្មករកម្មការិនី រោងចក្រ ឃីងហ្វឺស ដែលមាន ទីតាំងស្ថិតនៅឃុំដំណាក់ អម្ពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល ប្រមាណជាង ៨៨នាក់ឍ បានដួលសន្លប់ជាបន្ដបន្ទាប់ ខណៈពេលកំពុងបម្រើការងារ។
លោកសេង សក្កដា អគ្គនាយកការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាមូលហេតុ ដែលឲ្យ កម្មករកម្មការិនី ដួលសន្លប់ ជាបន្ដបន្ទាប់ បណ្តាលមកពី រោងចក្រ ការផ្ទុកអីវ៉ាន់ច្រើនពេក ពុំមានខ្យល់ចេញចូលបានល្អ , បំពង់បញ្ចេញ ខ្យល់ខ្វះអនាម័យ និង មកពីការធ្វើការលើសម៉ោង ខ្លះមួយម៉ោង ខ្លះពីរម៉ោង និងរហូតដល់៤ម៉ោង ដែល ធ្វើឱ្យពួកគេអស់កម្លាំង ហើយមិនអាចទ្រាំបាន រហូតដល់ដួលសន្លប់តែម្ដងទៅ។
យ៉ាងណាក៏ដោយ បើយោងតាមមន្ដ្រីក្រសួងការងារ ដដែលនេះ ជនរងគ្រោះទាំងអស់ ត្រូវបានអាជ្ញាធរនិង សមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ដោយមិនបណ្ដាល ឱ្យនរណាម្នាក់ រងគ្រោះ ដល់អាយុជីវិតនោះទេ៕ Cambodia News