សារព័ត៌មានជប៉ុនប្រឆាំងគំរោងច្បាប់ដែលចង់ដាក់ទោសអ្នកចុះផ្សាយការសំងាត់ជាតិ
នៅប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើន បានបញ្ចេញប្រតិកម្មប្រឆាំងនឹងគំរោងច្បាប់របស់រដ្ឋាភិបាលមួយ ដែលចង់ដាក់ទោសរាល់អ្នកដែលចុះផ្សាយការសំងាត់ជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង អាអេហ្វប៉េ AFP នៅថ្ងៃពុធនេះ។ សំរាប់អ្នកសារព័ត៌ មានជប៉ុន ច្បាប់នេះគឺជាច្បាប់ប្រឆាំងលិទ្ធិប្រជាធិបតេយ្យ ហើយប្រសិនច្បាប់នេះត្រូវបានសភាអនុម័តនោះ សិទ្ធិសេរីភាពរបស់ពួកគេនឹងត្រូវកាត់បន្ថយ។
យោងតាម សារព៍ត៌មានបារាំងអាអេហ្វប៉េ នៅថ្ងៃពុធនេះ អ្នកសារព័ត៌មានជប៉ុន ពិធីករ ពិធីការនីជាច្រើន មកពីទូរទស្សន៍និងកាសែតជប៉ុន រួមទាំងអ្នកសរសេរនានា បានចេញសេចក្តីប្រកាសរួមគ្នាមួយ ប្រឆាំងនឹងគំរោងច្បាប់រដ្ឋាភិបាល ដែលចង់ដាក់ទោសអ្នកដែលចុះផ្សាយការសំងាត់ជាតិ។ សំរាប់អ្នកសារព័ត៌មានជប៉ុន ច្បាប់នេះគឺជាច្បាប់ប្រឆាំងលិទ្ធិប្រជាធិបតេយ្យទាំងស្រុង ហើយបើច្បាប់នេះត្រូវបានអនុម័តនៅសភានោះ សិទ្ធិសេរីភាពសារព័ត៌មាននឹងត្រូវកាត់បន្ថយ។
យោងតាម គំរោងច្បាប់រដ្ឋាភិបាលមួយនេះ អ្នកចុះផ្សាយការសំងាត់ជាតិនឹងទទួលទោសជាប់ពន្ធនាគារ១០ឆ្នាំ។ ច្បាប់ នេះ មានទិសដៅផ្តល់សិទ្ធិអោយគ្រប់ក្រសួងទាំងអស់កំណត់យកថា តើព័ត៌មានណាជាព័ត៌មានសំងាត់របស់ជាតិជប៉ុន។ ព័ត៌មានដែលអាចចាត់ទុកថា ជាការសំងាត់ជាតិបាន គឺជាព័ត៌មានដែលមានលក្ខណៈប៉ះពាល់ផ្នែកការពារជាតិ ប៉ះពាល់ផ្នែកការទូត ពាក់ព័ន្ធនឹងការប្រឆាំងការស៊ើបការណ៍ រឺការប្រយុទ្ធអំពើភេរវកម្មជាដើម។ ប៉ុន្តែ គំរោងច្បាប់នេះ មិនទាន់កំណត់គោលការណ៍ជាក់លាក់ទាក់ទងនឹងលក្ខណៈនៃព័ត៌មានសំងាត់នេះ នៅឡើយទេ។
អ្នកសារព័ត៌មានជប៉ុនយល់ថា ច្បាប់នេះនឹងអនុញ្ញាតអោយមន្ត្រីរាជការណាមួយ បោះត្រាលើព័ត៌មានណាមួយទោះជាព័ត៌មានអ្វីក៏ដោយចុះ ថាជាព័ត៌មានសំងាត់ជាតិ ដូច្នេះនៅពេលមន្ត្រីនោះបោះត្រារួច ច្បាប់ថ្មីនេះនឹងដាក់ទោសអ្នកចុះផ្សាយព័ត៌មាននោះ ១០ឆ្នាំភ្លាមតែម្តង។ សូម្បីតែសមាជិកសភាជប៉ុន ជាអ្នកដែលត្រួតពិនិត្យប្រតិបត្តិការរដ្ឋាភិបាល ក៏ត្រូវបានច្បាប់នេះរឹតបន្តឹងសិទ្ធិក្នុងការទទួលយកព័ត៌មាន ផងដែរ។
គំរោងច្បាប់នេះធ្វើអោយអ្នកសារព័ត៌មានជប៉ុនមួយចំនួនគិតថា នាយករដ្ឋមន្ត្រីស៊ីនសូ អាបេ ចង់ធ្វើអោយ ច្បាប់ជប៉ុនមានលក្ខណៈដូចជាច្បាប់អាមេរិកដូច្នោះដែរ។ សំរាប់ពួកគេ លោកអាបេធ្លាប់ចង់បង្កើតក្រុម ប្រឹក្សាសន្តិសុខជាតិមួយ ដែលមានបែបផែនដូចគ្នា ទៅនឹងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក៕ដោយ ព្រំ សឿន សូលីណា (RFI)