យុវនារី​ប៉ាគីស្ថាន​ ម៉ាឡាឡា​ យូសាហ្វហ្សៃ​ ទទួល​ពានរង្វាន់​សិទ្ធិមនុស្ស​សាខារ៉ូវ​ នៅ​សភា​អឺរ៉ុប​

នៅ​ថ្ងៃពុធ​​២០វិច្ឆិកា​នេះ យុវនារី​​ប៉ាគីស្ថាន​​​ ម៉ាឡាឡា យូសាហ្វហ្សៃ Malala Yousafzaï បាន​ទទួល​ពានរង្វាន់​សិទ្ធិមនុស្ស​សាខារ៉ូវ នៅសភា​អឺរ៉ុប ក្រុង​ស្ត្រាសស្បួរ Strasbourg ប្រទេស​បារាំង។ លោក ម៉ារតាំង ឈុល Martin Schulzប្រធាន​សភាអឺរ៉ុប បាន​លើកឡើងថា ម៉ាឡាឡា​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​មនុស្ស​ជាច្រើន​លាន​នាក់។

នៅ ​ថ្ងៃពុធ​​​នេះ ​នៅសភា​អឺរ៉ុប ក្រុង​ស្ត្រាសស្បួរ Strasbourg ប្រទេស​បារាំង លោក​ម៉ារតាំង ឈុល ​Martin Schulz ប្រធាន​សភាអឺរ៉ុប បាន​ប្រគល់​ពានរង្វាន់​ផ្នែកសិទ្ធិមនុស្ស​ ឈ្មោះថា ពានរង្វាន់​សាខារ៉ូវ Sakharov ដោយផ្ទាល់ដៃ​អោយ​ដល់​យុវតី ប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ។ ម៉ាឡាឡា បាន​ក្លាយជា​​ជានិមិត្តរូប​អន្តរជាតិ​ក្នុង​ការ​ ទាមទារ​អោយ​កុមារ​គ្រប់រូប​បានចូលសាលា​ និង​ទទួលបាន​ការថែទាំការពារ។ ប្រធាន​សភា​អឺរ៉ុប​បាន​លើកឡើងថា ម៉ាឡាឡា​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​មនុស្ស​ជាច្រើន​លាន​នាក់។

កាលពីខែ​ តុលា​កន្លងទៅ សភា​អឺរ៉ុប​បាន​​សំរេច​ប្រគល់​ពានរង្វាន់​សាខារ៉ូវ​នេះ​អោយ​យុវតី ម៉ាឡាឡា។ ​សភាអឺរ៉ុប​​មិនបាន​ជ្រើសយក​ Edward Snowden អតីត​បុគ្គលិក​បំរើការ​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក រឺក៏​​សកម្មជន​ប្រឆាំង​​បេឡារុស​នានា​ដែល​ជាប់ពន្ធនាគារ​ អោយ​ធ្វើជា​ម្ចាស់ពានរង្វាន់​សាខារ៉ូវ​នេះទេ។

សំរាប់​យុវតី​ម៉ាឡាឡា​ ផ្ទាល់ ពានរង្វាន់​សាខារ៉ូវ​​​នេះ ជា​ការលើកទឹកចិត្ត​ដល់​នាង ក្នុង​ការ​តស៊ូ​តទៅទៀត ដើម្បី​ទាមទារ​សិទ្ធិអោយ​ដល់​កុមារ​គ្រប់រូប។ គួររំលឹកថា ដោយសារ​​​​សកម្មភាព​​តស៊ូ​​​​​​​ក្នុង​ការ​លើក​តំកើង​សិទ្ធិ​កុមារ​នេះ ម៉ាឡាឡា​ យូសាហ្វហ្សៃ បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុមឧទ្ទាម​​តាលីបង់។ ​​ កាល​ពី​ខែ​​តុលា​ ឆ្នាំ​២០១២ ​ ម៉ាឡាឡា​​បាន​​​រង​របួសធ្ងន់ធ្ងរ​ដោយគ្រាប់កាំភ្លើង​​​​​​​​​របស់​ពួក​ តាលីបង់​​​​ ក្នុង​សកម្មភាព​វាយប្រហារ​​​រថយន្ត ​​ដឹក​សិស្ស​សាលា​មួយ​​​​​គ្រឿង​។
​​
ម៉ាឡាឡា​ក៏​ជា​​ម្ចាស់​ពាន​រង្វាន់​សន្តិភាព​​​ជាតិ​នៅ​ប៉ាគីស្ថាន និង​ម្ចាស់​​ពាន​រង្វាន់​​​ Simone de Beauvoir ​​​ជា​ពាន​រង្វាន់​ផ្នែក​សេរីភាព​​ស្ត្រី​​​ប្រគល់​អោយ​ដោយ​ប្រទេស​​បារាំង​ផងដែរ។​ ​

នៅថ្ងៃពុធ​ម្សិលមិញ​នេះ យុវតី​ប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អឺរ៉ុប​នានា អោយ​ប្រឹងប្រែង​ទ្វេដង ដើម្បី​ជួយ​អោយ​កុមារ​​នានា​​ដែលមាន​ប្រមាណ​ជា​៥៧លាននាក់ អោយ​ទទួលបាន​ការអប់រំ។ ម៉ាឡាឡា ក៏​​អំពាវនាវ​អោយ​អឺរ៉ុប ជួយ​​បណ្តា​ប្រទេស​អាស៊ី និង​ប៉ាគីស្ថាន​ ក្នុង​វិស័យអប់រំ​និង​ការ​អភិវឌ្ឍន៍​ផងដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close