បក្សប្រឆាំងគ្រោងធ្វើពិធីបង្សុកូល ថ្ងៃស្អែក រំឮកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់នៅស្ពានពេជ្រ
ភ្នំពេញ ៖ លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតជូនដំណឹង ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីជួបជុំ នៅស្តូបកោះពេជ្រ បានឲ្យដឹងថា លោកបានទាក់ទងតាមទូរស័ព្ទទៅកាន់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក កើត ឆែ អំពីគម្រោងជួបជុំរបស់គណបក្សសង្គ្រោះជាតិ នារសៀលនេះ នៅស្តូបកោះពេជ្រ។
តែ លោក កើត ឆែ និងអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង មិនទាន់សម្រេចបែបណា ដោយថា នៅចាំឆ្លងលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស។
យ៉ាងណាក៏ដោយ លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាមិនមានការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក៏គណបក្សសង្គ្រោះជាតិ នឹងជួបជុំគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ នៅលើស្ពានកោះពេជ្រ នារសៀលម៉ោង ៣ ថ្ងៃទី២១វិច្ឆិកានេះ ដូចការគ្រោងទុក។
សូម រម្លឹកថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១៣ ក៏គ្រោងនឹងជួបជុំរម្លឹកខួបគម្រប់ ៣ ឆ្នាំ ជូនដល់អ្នកស្លាប់នៅស្ពានកោះពេជ្រ កាលពីយប់ថ្ងៃបង្ហើយពិធីបុណ្យុំអុំទូក ថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០។ ព្រឹត្តិការណ៍នៅលើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបណ្តាលឲ្យមានមនុស្សស្លាប់ ៣៥៣ នាក់ និងរបួសជិត ៥០០ នាក់៕ យុវវ័យថ្មី