អង្គការពលកម្មអន្តរជាតិ៖កិច្ចព្រមព្រៀងស្តីពីសហគ្រាសកាត់ដេរបង់ក្លាដែស ត្រូវមានលក្ខណៈទូទៅ
នៅថ្ងៃចន្ទម្សិលមិញ នៅក្រុងហ្សឺណែវ អង្គការពលកម្មអន្តរជាតិ បានលើកឡើងថា កិច្ចប្រឹងប្រែងដែលធ្វើឡើងពីសំណាក់ក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗ អឺរ៉ុប ដើម្បីកែលម្អសុវត្ថិភាពសន្តិសុខក្នុងរោងចក្រកាត់ដេរបង់ក្លាដែស គឺត្រូវតែធ្វើអោយបាននៅគ្រប់ប្រទេស គ្រប់ទីកន្លែង ក្នុងពិភពលោកដែរ។ អង្គការពលកម្មអន្តរជាតិ បានទាមទារអោយមានការកែលម្អលក្ខខណ្ឌការងារបន្ថែមទៀត នៅបង់ក្លាដែស ផងដែរ។ ថ្ងៃចន្ទម្សិលមិញដែរ នៅជាយក្រុងដាកា ការប៉ះទង្គិចក្នុងបាតុកម្មកម្មករ រវាងប៉ូលិស និងកម្មករកាត់ដេរ បានសម្លាប់មនុស្សពីរនាក់។
គួរ រំលឹកឡើងវិញថា សហគ្រាសកាត់ដេរបង់ក្លាដែសទើបតែរងគ្រោះ កាលពីខែមេសាដើមឆ្នាំ ដោយសារមានមនុស្ស ១ ១៣៥នាក់ បានស្លាប់ក្នុង គ្រោះថ្នាក់រលំអគារកាត់ដេរមួយកន្លែង នៅជិតក្រុងដាកា។ គ្រោះថ្នាក់នេះ បានបង្ខំអោយវិស័យកាត់ដេរបង់ក្លាដែស រួមនឹងក្រុមហ៊ុនសម្លៀកបំពាក់អឺរ៉ុបដែលមានផ្លាកយីហោល្បីៗ បានធ្វើកំណែទម្រង់កែលម្អសុវត្ថិភាពសន្តិសុខរោងចក្រកាត់ដេរ។ កំណែទម្រង់នោះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ។
ប៉ុន្តែអង្គការពលកម្មអន្តរជាតិចង់អោយកិច្ចព្រមព្រៀងនេះ មានលក្ខណៈទូទៅ ដែលអាចប្រើបាននៅ គ្រប់ប្រទេស និងគ្រប់ទីកន្លែងក្នុងពិភពលោក។ នៅថ្ងៃចន្ទម្សិលមិញ លោក ហ្ស៊ីលប៊ែរ ហ៊ុងបូ Gilbert Houngbo អនុប្រធានអង្គការពលកម្ម អន្តរជាតិ បានលើកឡើងថា កិច្ចប្រឹងប្រែងដែលក្រុមហ៊ុនយីហោសម្លៀកបំពាក់អឺរ៉ុបល្បីៗ បានធ្វើឡើងនៅបង់ក្លាដែសនោះ ត្រូវតែធ្វើអោយបាននៅគ្រប់ទីកន្លែង ក្នុងពិភពលោកយើងនេះដែរ។
បង់ក្លាដែសជាប្រទេសនាំចេញសម្លៀកបំពាក់លំដាប់លេខ២ នៅក្នុងពិភពលោក បន្ទាប់ពីចិន។ ៨០ភាគរយនៃសម្លៀកបំពាក់ គឺនាំចេញទៅអឺរ៉ុប។ មនុស្សប្រមាណ៤លាននាក់ ភាគច្រើនជាស្ត្រី កំពុងបំរើការងារក្នុងសហគ្រាសកាត់ដេរ។ ពួកគេទទួលបានប្រាក់ខែត្រឹមតែ៣៨ដុល្លារប៉ុណ្ណោះ។ អង្គការពលកម្មអន្តរជាតិបានបរិហារថា នេះជាប្រាក់ខែទាបបំផុតក្នុងលោក។ សំរាប់អង្គការពលកម្មអន្តរជាតិ ថ្វីបើរដ្ឋាភិបាលបង់ក្លាដែសបានចាត់វិធានការជាក់ស្តែង ក្នុងរយៈពេល៦ខែចុងក្រោយនេះ ដើម្បីដោះស្រាយបញ្ហាសុវត្ថិ ភាពសន្តិសុខ និងសុខភាពអ្នកបំរើការងារក្តី លក្ខខណ្ឌការងារនៅតែមានលក្ខណៈមិនសមស្រប នៅតែជាបញ្ហាចំបង ក្នុងសហគ្រាសកាត់ដេរក្នុងប្រទេស។
នៅជាយក្រុងដាកា ថ្ងៃចន្ទម្សិលមិញនេះ កម្មករកាត់ដេររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង ប្រាក់ខែអប្បបរមា ដែលរដ្ឋាភិបាលទើបសំរេចចេញថ្មី ធ្វើអោយរោងចក្រ១៤០ ត្រូវបិទទ្វារ។ រដ្ឋាភិបាលបង់ក្លាដែស ទើបនឹងបានសម្រេចតម្លើងប្រាក់ខែអប្បបរមាបានដល់៦៨ដុល្លារក្នុង មួយខែ។ ប៉ុន្តែ សហជីពនានាប្រាប់ថា អ្នកបំរើការងារដែលមានបទពិសោធន៍ច្រើនជាងគេ នឹងមិនអាចទទួលបានប្រាក់ខែគ្រប់៦៨ដុល្លារនេះទេ ព្រោះថា ថៅកែរោងចក្រនឹងបន្ថយរបបធ្វើដំណើរ និងហូបចុករបស់កម្មករ៕ដោយ ព្រំ សឿន សូលីណា (RFI)