សន្តិសុខ និងសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញល្អវិញ សម្រាប់ថ្ងៃបាតុកម្មទី2
ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៦ កញ្ញា ដែលជាថ្ងៃបាតុកម្មទី២ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញមានសភាពល្អប្រសើរឡើងវិញ ខណៈមេដឹកនាំគណបក្សទាំងពីរបានជួបប្រជុំគ្នានៅរដ្ឋសភា ។ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានភាពល្អប្រសើរ ប្រជាពលរដ្ឋធ្វើដំណើរទៅមកជាធម្មតា ដែលមើលទៅហាក់គ្មានរឿងអ្វីកើតឡើងឡើយ ។
នៅតាមហាងលក់ទំនិញបើកប្រកបអាជីវកម្មជាធម្មតា ចំណែកឯបារាស់ និងបន្លាលួសដែលសមត្ថកិច្ចបានដាក់រារាំង និងហាមឃាត់នៅតាមផ្លូវមួយចំនួនធំត្រូវបានបើកច្រកឱ្យប្រជា ពលរដ្ឋធ្វើដំណើរឡើងវិញ តែមិនទាន់បើកទាំងស្រុងទេ ដូចជានៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ដែល ចាត់ទុកជាចំណុចប្រឈមកាលពីថ្ងៃទី១៥ កញ្ញា នោះ។
ចំពោះក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ វិញមានការថយចុះចំនួនយ៉ាងច្រើន បើតាមការប៉ាន់ស្មាននៅពេលព្រឹកថ្ងៃទី១៦ កញ្ញា ដែលជាថ្ងៃទី២ មានប្រមាណមិនដល់៥ពាន់នាក់ទេ ។ នៅពេលថ្ងៃត្រង់ពួកបាតុករមួយផ្នែកធំបានចាកចេញពីទីលាន ខ្លះទៅជ្រកក្រោមដើមឈើនៅតំបន់វត្តភ្នំ និងដើមឈើក្បែរៗទីលានដើម្បីសម្រាកហូបអាហារ ហើយមួយផ្នែកក៏ទៅផ្ទះតែម្តង មានន័យថា ពេលហូបបាយថ្ងៃត្រង់ក្រុមបាតុករនៅទីលានប្រជាធិបតេយ្យមាន ប្រមាណតែជាង១ពាន់នាក់ទេ ដោយអ្នកដែលបានចាកចេញរអ៊ូរថាមិនអាចស៊ូទ្រាំនឹងកម្តៅ ថ្ងៃបាន ។
អភិបាលរងរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការស្តីបន្ទោសទៅតំណាងគណបក្សសង្គ្រោះជាតិ ដែលជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំធ្វើបាតុកម្មថា មិនគោរពនូវអ្វីដែលបានព្រមព្រៀងនិងបានចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃទី១១ កញ្ញាកន្លងមក។
ការស្តីបន្ទោសនេះ ដោយការធ្វើបាតុកម្មនេះតំណាងខាងលើបានសម្រេចថា មិនមានការហែក្បួននៅតាមផ្លូវ និងអហិង្សា តែបែរជាអនុវត្តផ្ទុយពីគោលការណ៍រួម ដោយដង្ហែជាក្បួនបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈក្នុងរាជធានីភ្នំពេញ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ អ្នករកស៊ី អ្នកវិនិយោគ អ្នកទេសចរជាដើម ។ អ្វីដែលគួរឱ្យសោកស្តាយទៀតនោះ គឺក្រសួងអប់រំ យុវជន និងកីឡា បានលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលជាការទន្ទឹង រង់ចាំរបស់សិស្សានុសិស្ស៕ នាង/Cambodia News