លោក ហ៊ឹម សួង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលមរណភាព
ភ្នំពេញ៖ កាលពីវេលាម៉ោង ៨ និង ៣៥នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក ហ៊ឹម សួង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាស៊ាន និងជាអតីតអគ្គនាយករងនៃទូរទស្សន៍ជាតិ (ទទក) បានទទួលមរណភាព ដោយរោគាពាធ(ជំងឺមហារីកឈាម) នៅគេហដ្ឋានរបស់លោក ។
-
សព លោក ហ៊ឹម សួងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក (ម្តុំអង់តែនទូរទស្សន៍) ផ្ទះលេខ៤៦ ផ្លូវ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (រូបក្នុងបណ្តាញសង្គម Facebook) លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក នាម៉ោងជាង ១ រំលងអធ្រាត្រថា ” យប់នេះ ក្រសួងព័ត៌មាន បានបាត់បង់មន្ត្រីឆ្នើមម្នាក់ទៀតហើយ គឺ លោក ហ៊ឹម សួង អនុរដ្ឋលេខា ធិការទទួលបន្ទុកការងារអាស៊ាន នៃក្រសួងព័ត៌មាន និងជាអតីតអគ្គនាយករង ទទក “។
លោក ពៅ ពិសិដ្ឋ កូនប្រសារប្រុសរបស់លោក ហ៊ឹម សួង បានឲ្យដឹងថា សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ហ៊ឹម សួង(ម្តុំអង់តែនទូរទស្សន៍) គេហដ្ឋានលេខ៤៦ ផ្លូវ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ សពនឹងត្រូវដង្ហែចេញពីគេហដ្ឋាន ឆ្ពោះទៅកាន់វត្តទឹកថ្លា ដើម្បីប្រារព្ធពិធីបូជា៕ Cambodia News