ជីជី ហ៊ឺហាក្រោយប្តូរឡានថ្មី
ភ្នំពេញ ៖ ថ្មីៗនេះគេឃើញជីជី ដើរលេងសប្បាយ ដោយមិនខ្វល់ខ្វាយ ហើយនាងបានប្តូរមកជិះឡានMini Cooper ដែលនាំឱ្យគេសង្ស័យថា នាងមាន អ្នកជំនួយថ្មីទៀតហើយ បន្ទាប់ពីមានព័ត៌ធ្លាយចេញពីរង្វង់សិល្បៈ ថា ពោះម៉ាយរូបសង្ហាម្នាក់ ដែលធ្លាប់តាមការពារនាង យ៉ាងកៀកកិត ស្និទ្ធស្នាល បានដកកាយដកចិត្តពីនាង។
នៅពេលនេះ ពិធីការិនីពេជ្រ សូលីដា ហៅជីជី មិនមានខ្នងបង្អែកសំខាន់ដូចមុនទៀតទេ ក្នុងមុខរបរសិល្បៈ របស់នាង ក៏ប៉ុន្តែ ដោយសារនាងបានឈររឹងមាំហើយ នោះ ការដកខ្លួនរបស់ពោះម៉ាយម្នាក់នោះ មិនផ្តល់ផលរមាស់អ្វីដល់នាងឡើយ ផ្ទុយទៅវិញ គេឃើញនាងបែរជាស្រស់ស្រាយជាងមុន ច្រើនជាងការខូចចិត្ត។
យ៉ាងណាក៏ដោយ នាពេល- កន្លងទៅថ្មីៗនេះ គេឃើញនាងបង្ហោះសារខូចចិត្តតាមបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីស្នេហា ដល់ទីបញ្ចប់។ បន្ទាប់មក សកម្មភាពជាច្រើនបង្ហាញថា នាងបានវិលរកជីវិតដ៏ស្រស់ស្រាយ របស់នាងជាធម្មតាវិញ។
អ្នកស្និទ្ធនឹងជីជី បានឱ្យដឹងថា គ្រាន់តែពោះម៉ាយដកខ្លួនបាត់មិនបានប៉ុន្មានផង ជីជី បានទិញរថយន្តថ្មីម៉ាកមីនី គូភើរ (Mini Cooper) មួយគ្រឿង ពណ៌ផ្កាឈូក មិនតិចជាង ២ម៉ឺនដុល្លារ ដោយមិនបានលក់ឡាន Prius ដែលនាងកំពុងជិះទេ។
ប្រភពដដែលនិយាយថា ជីជី សម្បូរប្រាក់ចាយណាស់ មួយរយៈនេះ ដែល ប្រហែលមកពីនាងមានការងារសិល្បៈកាន់តែច្រើន ហើយមួយផ្នែកទៀត ក៏អាចមកពីនាងមានមនុស្សថ្មីជួយរ៉ាប់រងចំណាយផងដែរ។ ក្រៅពីទិញ រថយន្តថ្មី ជីជី ឧស្សាហ៍ដើរទិញអីវ៉ាន់ ហើយចាយលុយដូចក្រដាស។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា អ្នកនៅពីក្រោយ ភាពសម្បូរសប្បាយរបស់ជីជី គឺជាអ្នកណា។ ជីជី តែងនិយាយថា បងស្រីរបស់នាង គឺនាងពេជ្រ សិរីរ័ត្ន ដែលកំពុងល្បីពពោះកូនទី២ ជាមួយបុរសអ្នកមានម្នាក់ ជាអ្នកទំនុកបម្រុងរូបនាង។
ប៉ុន្តែ មិត្តភក្តិក្បែរខ្លួននាង លើកឡើងថា ចាយលុយបងស្រី ប្រហែល មិនស្រួលដូចចាយលុយសង្សារថ្មីទេ។ សង្សារថ្មីថ្មោង រមែង ពូកែផ្គាប់ផ្គុនមិនឱ្យទាស់ចិត្ត។
គួររំលឹកថា ជីជី ក៏ធ្លាប់ត្រូវគេផ្គូផ្គងជាមួយនឹងឧកញ៉ា ម្នាក់ផងដែរ ហើយគេធ្លាប់ចោទនាង និងបងស្រីថា ស្រលាញ់ បុរសតែម្នាក់។ រឿងនេះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយពីនាង និងបងស្រីបានបដិសេធ។
ជីជី ប្រាប់ថា នាងមិនចង់ដើរតាម ជីវិតរបស់បងស្រីនាង ដែលគេដឹងថា មានស្នេហាអាថ៌កំបាំង និងរស់នៅមិនបើកចំហនោះទេ។ ដូច្នេះ គេសង្ឃឹមថា ថ្ងៃណាមួយ ជីជី នឹងបង្ហាញមុខបុរសម្ចាស់ស្នេហ៍ដែលនាងលាក់ទុកក្នុងបេះដូងមិនខាន ៕ ស.រ/Cambodia News