ជំនួយសម្រាប់ជនរងគ្រោះហ្វីលីពីនទៅដល់យ៉ាងត្រដាបត្រដួស
៥ ថ្ងៃក្រោយគ្រោះមហន្តរាយខ្យល់ព្យុះ កំណាចហៃយ៉ាន ស្ថានភាពផ្នែកជំនួយមនុស្សធម៌ មានលក្ខណៈ រអាក់រអួលបំផុត ! ហើយគ្រោះជាន់លើគ្រោះ បន្ទាប់ពីស្លាប់ព្រោះព្យុះនិងទឹកជំនន់ ថ្ងៃនេះបណ្តាជនហ្វីលីពីន៨នាក់ផ្សេងទៀតត្រូវស្លាប់ព្រោះដណ្តើម អង្ករហូប។ នេះជាអ្វីដែលក្រុមអ្នកយកការណ៍ពិសេសរបស់វិទ្យុយើងបានសង្កេតឃើញ។ ថ្វីបើលោកប្រធានាធិបតីហ្វីលីពីន បេនីញ៉ូ អាគីណូ បង្ហាញតុល្យការជនរងគ្រោះ ថាមានស្លាប់តែប្រមាណ ១៧៧៤នាក់ អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗជាច្រើនវិញ នៅតែអះអាងជានិច្ចពីចំនួនមនុស្សស្លាប់ដ៏សន្ធឹកសន្ធាប់ ច្រើនជាងតួលេខរបស់រដ្ឋាភិបាលឆ្ងាយណាស់ ពោលគឺយ៉ាងហោច មួយម៉ឺននាក់។
សហគមន៍ អន្តរជាតិបានរួសរាន់ចុះជួយជនហ្វីលីពីនរួចពីស្លាប់ ! ប្រទេសជាច្រើនបានទម្លាយកញ្ចប់ជំនួយបន្ទាន់ ៖ សហរដ្ឋអាមេរិក បានបញ្ជូនភ្លាមនាវាផ្ទុកយន្តហោះព្រមទាំងទាហាន៥ពាន់នាក់ និងទឹកប្រាក់២០លានដុល្លារ។ សហភាពអឺរ៉ុបលើកឡើងអំពីជំនួយ១៣លានអឺរ៉ូ ចំណែកបណ្តាប្រទេសផ្សេងទៀត មានអាទិ៍អារ៉ាប៊ីសាអ៊ូឌីត ជប៉ុន កាណាដា អាល្លឺម៉ង់ នូវែលហ្សេឡង់ អូស្រ្តាលី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ិចស៊ិក បញ្ជូនជំនួយបន្ទាប់បន្សំ។ ប៉ុន្តែជំនួយ បានទៅដល់ទិសដៅយ៉ាងលំបាក និងយ៉ាងយឺតយ៉ាវបំផុត។ នៅភាគខាងជើងកោះសេប៊ុយ ដែលតំបន់រងគ្រោះខ្លាំងជាងគេបំផុតមួយ អ្នកស្រី Mabel Mayor អ្នកចាត់ទទួលជនរងគ្រោះបានរៀបរាប់ដូច្នេះថា ៖
“នៅ ពេលនេះ កន្លែងយើងមាន៤៦គ្រួសារ យើងមិនអាចទទួលមនុស្សបានបន្ថែមទៀតទេ … ពីមុនសាលកីឡានេះអាចផ្ទុកមនុស្សបាន១ពាន់នាក់ ប៉ុន្តែដោយមូលហេតុសន្តិសុខ យើងក៏បញ្ជូនជនភៀសខ្លួនទៅស្នាក់នៅតាមវិហារ និងសាលារៀន… មនុស្សភាគច្រើននៅទីនេះ អស់ជម្រករលីង និងគ្មានសល់អ្វីសោះ សូម្បីតែការងារ … ក្នុងពេលបន្ទាន់ដូច្នេះ យើងបានផ្គត់ផ្គង់តែអាហារនិងទឹក ដែលជាជំនួយរបស់ប្រជាជន អង្គការក្រៅរដ្ឋាភិបាលក៏បានមកដល់ដែរ… យើងធ្វើទៅតាមលទ្ធភាព យើងត្រូវការចំណីអាហារ ទឹកស្អាត និងក្រណាត់តង់ ព្រោះជារដូវភ្លៀង… ថ្ងៃនេះមានព្យុះថ្មីមួយទៀត តែវាបានបានចុះខ្សោយទៅសម្ពាធទាប អរគុណព្រះជាម្ចាស់ ប៉ុន្តែអាចនឹងមានព្យុះទៅនៅចុងខែ ហេតុដូច្នេះហើយបានជាយើងត្រូវការតង់ យើងមិនអាចផ្តល់ជម្រកដល់ជនរងគ្រោះគ្រប់គ្នាទេ ពួកគាត់ត្រូវស្នាក់នៅទីនេះ ត្រូវជួយរកដំបូលឱ្យជ្រក ដើម្បីអាចត្រដររស់ទៅមុខបានទៀត …”។
ជំនួយមិនបានទៅដល់កន្លែងរងគ្រោះ នេះហើយជាអ្វីដែលអាជ្ញាធរនិងសហគមន៍ព្រួយបារម្ភ។ ហើយអ្វីដែលបន្ទាន់បំផុតគឺស្បៀងអាហារ ! ក្រពះស្រេកឃ្លាន ជាសំណាងអាក្រក់បានរាលដាលកា្លយជាការលួចប្លន់។ យប់មិញ នៅកោះLEYTE កោះដែលរងគ្រោះខ្លាំងជាងគេមួយ មានមនុស្ស៨នាក់បានស្លាប់ ដោយអាគារជាឃ្លាំងស្តុកអង្ករបាក់ស្រុតរលំសង្កត់លើ ក្នុងពេលមានការគាស់ទម្លាយលួចយកអង្ករអស់១០ម៉ឺនស្បោង។ ក្នុងមួយស្បោងទម្ងន់៥០គីឡូក្រាម ទោះបីជាមានការឃ្លាំយាមរបស់ទាហាន និងប៉ូលិសក៏ដោយ។ ដូច្នេះ ភាពបន្ទាន់ខ្លាំងនៅពេលនេះ គឺត្រូវបញ្ជូនជំនួយស្បៀងអាហារ និងបរិក្ខាពេទ្យ ឱ្យបានដល់កន្លែងរងគ្រោះ កាន់តែលឿនកាន់តែប្រសើរ។ បើតាមការប៉ាន់ប្រមាណបឋម មហន្តរាយនេះ បានធ្វើឱ្យខាតបង់ជាទឹកប្រាក់ពី ៨ ទៅ១៩ពាន់លានដុល្លារ។ ជាតម្លៃដ៏សម្បើមក្រៃសម្រាប់ប្រទេសដែលមានផលិតសរុបក្នុងស្រុក ក្នុងលំដាប់លេខ១៦៥ លើពិភពលោកនោះ៕ដោយ អៀង សុខម៉ិញ (RFI)