តំណាង​បក្ស​ប្រឆាំង​ស៊ីរី ព្រម​ចូល​ចរចា​តែ​មាន​លក្ខខណ្ឌ

ការ ​វាយប្រហារ​​នៅ​បន្ត​​មាន​ជានិច្ច​ និង​ដោយ​ពុះ​កញ្ជ្រោល​ទៀត​ផង ជា​ពិសេស​នៅ​ភាគ​ខាង​ជើង ជិត​ក្រុង​អាឡេប។ ដូច្នេះ​សួរ​ថា​តើ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​លោក​បាស្ហារ អាល់អាសាទ មើល​ទៅ​អាច​ព្រមព្រៀង​ចូល​​និយាយ​គ្នា​ដោយ​ផ្ទាល់​​ជាមួយ​របប​​ក្រុង​ដាម៉ា ឬ​ព្រម​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​វិបត្តិ​ស៊ីរី នៅទីក្រុង​ហ្សឺណែវ​ នា​សប្តាហ៍​ខាង​មុខ​ដែរ​ឬ​យ៉ាង​ណា ?! ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ដែល​ជា​តំណាង​បក្ស​ប្រឆាំង​មួយ បាន​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​តួកគី ដើម្បី​រៀប​ចំ​រដ្ឋាភិបាលប​ណ្តោះ​អាសន្ន​ នៅ​តាម​តំបន់​កាប់កាប់​​ផង និង​បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ បក្ស​ប្រឆាំង​ស៊ីរី​បាន​ព្រមព្រៀង​ចូល​រួម​ក្នុង​អង្គ​សន្និសីទ ជាមួយ​នឹង​​លក្ខខណ្ឌ​ជា​ច្រើនចំណុច។

ការ ​ពិភាក្សា​ប្រព្រឹត្ត​ទៅ​យ៉ាង​តឹង​សរសៃ​ក និង​ដូចអូស​​ឬស្សីបញ្ច្រាស​ចុង តែ​ទី​បំផុត​ លទ្ធផល​ដែល​គ្មាន​នរណា​សង្ឃឹម​ផង​នេះ បាន​ប្រសូត​ចេញ​ដោយ​​ត្រដាប​ត្រដួស និង​ត្រឹម​ទទួល​យក​គោលការណ៍​​ចរចា​ជាមួយ​នឹង​របប​លោក​បាស្ហារ អាល់អាសាទ។

អាច​ចាត់​ទុក​ជា​ជំហាន​ដ៏​សំខាន់​មួយ ព្រោះ​តាំង​ដើម​មក ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី តំណាង​បក្ស​ប្រឆាំង​នៅ​ស៊ីរី ធ្លាប់​បដិសេធ​ដាច់​អហង្ការ​​រាល់​គំនិត​ផ្តួច​ផ្តើម​ចរចា​ជាមួយ​រដ្ឋាភិបាល ​ស៊ីរី។

ប៉ុន្តែ​ឧបសគ្គ​នៅ​តែ​មាន​ច្រើន​ដដែល​​ ព្រោះ​ក្រុម​ប្រឹក្សា​​នេះ​បាន​ដាក់​លក្ខខណ្ឌ ជា​ច្រើន ដែលមួយ​ភាគ​ធំ​​រដ្ឋាភិបាល​របស់​លោក បាស្ហារ​ ទំនង​ជា​មិន​អាច​ទទួល​​បាន​វិញទេ ៖ សំណូម​​ ចង់​ឱ្យ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​​ក្នុង​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ឬ ​យោធា មាន​អំណាច​ពេញ​លេញ។ ព្រមព្រៀង​ជា​គោល​ការណ៍​ឱ្យ​មាន​ការ​ទម្លាក់​លោក​បាស្ហារ​អាល់អាសាទ ពី​តំណែង។

ដើម្បី​អាច​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ហ្សឺណែវ​-២ ដែល​ពុំទាន់​​កំណត់​ថ្ងៃ​បាន​ផង​នោះ ក្រុម​យោធា​បក្ស​ប្រឆាំង​ស៊ីរី ចង់​ឃើញ​កម្មវត្ថុ​នៃ​ជំនួប​ប្រជុំ​ មាន​ចែង​យ៉ាង​ច្បាស់​លាស់​ជាមុន មាន​បញ្ជាក់​ពេល​វេលា​ចរចា​ច្បាស់​លាស់ ព្រមទាំង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​សម្រាប់​កាត់​ក្តី​អ្នក​ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជា​ប្រជាជន​ស៊ីរី។ សម្រាប់​ក្រុម​យោធា​នេះ ប្រតិភូ​បក្ស​ប្រឆាំង​ស៊ីរី ដែល​ត្រូវ​មាន​វត្តមាន​ក្នុង​សន្និសីទ ជា​ក្រុម​តែ​មួយ​ប្រសូត​ចេញ​ពី​សមាជិក​សម្ព័ន្ធបក្ស​ប្រឆាំង និង​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​យោធា៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close