សង្ឃភូមា​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​​គណៈប្រតិភូ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​

នៅថ្ងៃ​អង្គារ​នេះ​ សង្ឃភូមាប្រមាណ​​៣០០អង្គ​ បាននាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹងទស្សនកិច្ច​គណៈប្រតិភូ​អង្គការ​ សហប្រតិបត្តិការ​អ៊ីស្លាម។ តំណាង​អង្គការ​នេះ​ និង​ចុះ​មក​ទស្សនកិច្ច​​ នៅ​ភូមា​ នៅសប្តាហ៍នេះ។ តំណាង​រដ្ឋាភិបាល​ភូមា​បាន​បញ្ជាក់ថា តំណាង​អង្គការ​នេះ​ ត្រូវ​​ចុះ​មក​ទស្សនកិច្ច​​​ភូមា​នៅសប្តាហ៍នេះពិត មែន។

នៅថ្ងៃ ​អង្គារ​នេះ គោលដៅនៃ​បាតុកម្ម​របស់​​​សង្ឃភូមាប្រមាណជា​៣០០អង្គ​ នៅ​ក្រុង​រ៉ង់ហ្គូន គឺ​ដើម្បី​ប្រឆាំងទៅ​​នឹងទស្សនកិច្ច​គណៈប្រតិភូ​អង្គការ​សហប្រតិបត្តិការ​ អ៊ីស្លាម។ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​មានសមាសភាព​សមាជិក​៥៧​ប្រទេស។ គណៈប្រតិភូ ​អង្គការ​នេះ​​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅភូមា នៅថ្ងៃ​​១៥វិច្ឆិកា​ សប្តាហ៍ ​នេះ។

លោកសង្ឃភូមា​បានចោទ​គណៈ​ប្រតិភូអង្គការ​ថា ពួកគេ​មក​ទស្សនកិច្ច​ចាប់អារម្មណ៍​កិច្ចការ​​ផ្ទៃក្នុង​ភូមា។​ យោងតាម​សង្ឃភូមា គណៈប្រតិភូ​អង្គការ​នេះ នឹង​​លើកឡើង​ថា​ គឺ​អ្នកកាន់សាសនា​ព្រះពុទ្ធ ដែល​បាន​​​ធ្វើការ​សង្កត់សង្កិន​អ្នកកាន់​សាសនា​អ៊ីស្លាម​នៃ​សហគមន៍​ភាគតិច​ នៅភូមា។

គួររំលឹកថា កាលពីខែតុលា​កន្លងទៅ ភូមា​បាន​រងគ្រោះ​ដោយ​អំពើហិង្សា​ប្រឆាំង​អ្នកកាន់ សាសនា​​អ៊ីស្លាម​ ក្នុង​រដ្ឋរ៉ាក់ឃីន​ភាគខាងលិច ដែល​ហិង្សា​បាន​សម្លាប់​មនុស្ស​៦នាក់។ កាលពី​ឆ្នាំ២០១២ អំពើ​ហិង្សា​រវាង​សហគមន៍​អ្នកកាន់ពុទ្ធសាសនា និង​អ្នកកាន់សាសនា​អ៊ីស្លាម​ ក្នុង​រដ្ឋរ៉ាក់ឃីន​បាន​ធ្វើអោយ​មនុស្សស្លាប់​ជាង២០០នាក់។ បន្ទាប់ពីនោះ​មក សង្ឃភូមា​ជ្រុលនិយម​មួយចំនួន​បាន​ដឹកនាំ​ការបះបោរ​​រាលដាល​ដល់​ភាគផ្សេងៗទៀត ក្នុង​ប្រទេស ដើម្បី​ប្រឆាំង​ជនជាតិ​ភូមា​ដែលកាន់សាសនា​អ៊ីស្លាម។

អំពើ​ហិង្សា​សហគមន៍​ទាំងនេះ បានបង្ហាញ​ច្បាស់​ពី​ការរើសអើង​សាសនា​របស់ប្រជាជន​ភូមា​ទៅលើ​អ្នកកាន់សាសនា​ អ៊ីស្លាម​ ដែល​មាន​ត្រឹម​៤ភាគរយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជនសរុប​​​ជិត​៥៣លាននាក់ ក្នុង​ប្រទេស។

លោក យេ ហ្ទុត អ្នកនាំពាក្យប្រធានាធិបតី ថេន សេន​ បាន​បញ្ជាក់ថា ពិតជា​មាន​ទស្សនកិច្ច​គណៈប្រតិភូនៃ អង្គការ​ប្រតិបត្តិការ​អ៊ីស្លាម​ នៅភូមា​ ក្នុង​សប្តាហ៍នេះមែន ហើយទស្សនកិច្ច​នោះ​​គឺចង់​ពិភាក្សា​ពី​ស្ថានភាព​អ្នកកាន់សាសនា​អ៊ីស្លាម​ ក្នុង​រដ្ឋរ៉ាក់ឃីន​តែម្តង។ ប៉ុន្តែ លោក យេ ហ្ទុត បាន​បដិសេធ​ពី​ពាក្យចចាមអារ៉ាម​ដែល​ថា ភូមា​មានគំរោង​​បើក​ការិយាល័យ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​នេះ ក្នុង​ទឹកដី​ខ្លួន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close