ស្ត្រីម្នាក់ស្លាប់ និង៥នាក់របួស ខណះប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងកម្មកររោងចក្រ SL
ភ្នំពេញ៖ ស្ត្រីលក់បាយនៅខាងមុខផ្សារស្ទឹងមានជ័យម្នាក់ បានស្លាប់នៅក្នុង មន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីរងគ្រាប់កាំភ្លើងរបស់កងកម្លាំងមានសមត្ថកិច្ចដែលបានបាញ់ បង្ក្រាបទៅលើហ្វូងបាតុកររោងចក្រ (SL) និងរបួសបាតុករ ៥នាក់ អំឡុងការប៉ះទង្គិចគ្នារវាងកងកម្លាំងមានសមត្ថកិច្ច និងហ្វូងបាតុកររោងចក្រ (SL) កាលពីព្រឹកថ្ងៃអង្គារ ទី១២ វិច្ឆិកា។

ស្ត្រីដែរស្លាប់ជាអ្នកលក់បាយ នៅខាងមុខផ្សារស្ទឹងមានជ័យ មានឈ្មោះ អេង សុខុម គាត់បានស្លាប់នៅវេលាថ្ងៃត្រង់នោះ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ជាមួយបាតុករមួយចំនួនទៀត ដែលរងរបួសដូចគ្នា។
សាក្សីនៅកន្លែងកើតហេតុនិយាយថា កម្មករប្រមាណជាង ៣រយនាក់ បានដើរជាក្បួន ក្នុងគោលដៅឆ្ពោះទៅកាន់ភូមិគ្រិះលោក នាយករដ្ឋមន្ត្រី ហ៊ុ សែន ដើម្បីឲ្យជួយអន្តរាគមន៏ ដោះស្រាយបញ្ហារបស់ពួកគេ មកដល់ចំណុចមុខវត្តស្ទឹងមានជ័យ សមត្ថកិច្ចបានដាក់របាំងរារាំង ពេលនោះការប៉ះទង្គិចគ្នាបានកើតឡើង រហូតមានការដុតរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿងរបស់សមត្ថកិច្ច។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយពីសភាពការណ៍នេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ប្រមាណ ៣០ នាក់ ដែលក្នុងនោះមានទាំងព្រះសង្ឃ និងអ្នកលក់សាំងផងដែរ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធការប្រើអំពើហិង្សាគប់ដុំថ្ម ទៅលើសមត្ថកិច្ច និងដុតបំផ្លាញរថយន្ត និងម៉ូតូរបស់សមត្ថកិច្ច៕ Cambodia News