អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិសំរេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ។ កិច្ចព្រមព្រៀងនេះចែងពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ពីរ ដែលតំរូវអោយអ៊ីរ៉ង់អនុញ្ញាតអោយអ្នកជំនាញរបស់ទីភ្នាក់ងារ AIEA បានចុះទៅពិនិត្យទីតាំងម៉ាស៊ីនប្រតិករទឹកធ្ងន់នៅក្រុងអារ៉ាក់ ភាគខាងលិចអ៊ីរ៉ង់។
កិច្ចពិភាក្សា សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ រវាងភាគីអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បានសំរេចចេញផ្លែផ្កាហើយ។ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយ ស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងនេះ តំរូវអោយអ៊ីរ៉ង់យល់ព្រមអោយអ្នកជំនាញទីភ្នាក់ងារ AIEA បានចុះទៅពិនិត្យទីតាំងម៉ាស៊ីនប្រតិករទឹកធ្ងន់នៅក្រុងអារ៉ាក់ ខេត្តMarkazi ស្ថិតនៅភាគខាងលិចអ៊ីរ៉ង់។
កិច្ចព្រមព្រៀង នេះក៏បានចែងផងដែរថា អ្នកជំនាញទីភ្នាក់ងារថាមពលអន្តរជាតិអាចត្រួតពិនិត្យអណ្តូងរ៉ែ អ៊ុយរ៉ានីញ៉ូម Gachin នៅភាគខាងត្បូងប្រទេស។ វិធានការចែងក្នុងកិច្ចព្រមព្រៀងទាំងអស់នេះនឹងត្រូវអនុវត្តន៍នៅ ៣ថ្ងៃខាងមុខទៀតនេះតែម្តង។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងនៅថ្ងៃចន្ទនេះ ធ្វើឡើងនាឱកាសទស្សនកិច្ចប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលរដ្ឋាភិបាលអ៊ីរ៉ង់បានអញ្ជើញអោយមកប្រទេសខ្លួន។
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ធ្វើឡើងផ្សេងគ្នា ពីកិច្ចប្រជុំអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាច៥+១ នៅទីក្រុងហ្សឺណែវ។ កិច្ចប្រជុំ ៥+១នេះ មិនទាន់សំរេចចេញកិច្ចព្រមព្រៀងអ្វីនៅឡើយទេ៕ដោយ ព្រំ សឿន សូលីណា (RFI)