បក្ស​ប្រឆាំង​ស្រីលង្កា​​ជំទាស់​ទៅ​នឹង​គម្រោង​សាង​សង់​កាស៊ីណូ​របស់​អ្នក​ជំនួញ​អូស្ត្រាលី

គណបក្ស​ ប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​ស្រី​លង្កា​បាន​ទាម​ទារ​ឲ្យ​នគរបាល​ចាត់​ វិធានការ​ប្រឆាំង​ទៅនឹង​អ្នក​ជំ​នួញ​ជន​ជាតិ​អូស្ត្រាលី​គឺ​លោក James Packer ដែល​លោក​នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​រដ្ឋាភិបាល​ Commonwealth ក្នុង​សប្តាហ៍នេះ។

គណបក្ស​នេះ​ បាន​លើក​ឡើង​ថា គម្រោង​របស់​អ្នក​ជំនួញ​រូប​នេះ​ក្នុង​ការ​សាង​សង់​កាស៊ីណូ​ដែល​មាន​តម្លៃ ៤០០​លាន​ដុល្លារ​នៅទីក្រុង​កូឡុំ​បូ ជា​គម្រោង​ខុស​ច្បាប់ ពី​ព្រោះ​អ្នក​ជំនួញ​រូ​បនេះ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នោះ​ទេ។

ការ ​ប្រឆាំង​កាន់​តែ​ច្រើន​ពី​មេ​ដឹក​នាំ​សាសនា​ព្រះពុទ្ធ និ​ងមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​ស្រី​លង្កា​ពន្យា​ពេល​ការ​ផ្តល់​ការ​យល់​ព្រម​លើ​ សំណើ​សាង​សង់​កាស៊ី​ណូ និង​កន្លែង​លំហែ​កាយ​ដែល​មាន​ទឹក​ប្រាក់​សរុប ៤០០​លាន​ដុល្លារ​នេះ​ហើយ។

គណបក្ស ​បង្រួប​បង្រួម​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​​ប្រទេស​នេះ បាន​លើក​ឡើង​ថា កាស៊ីណូ​មិនគួរ​​ស្ថិត​នៅ​កណ្តាល​ទីក្រុង​កូឡុំ​បូ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនៀម​ទំលាប់​ពលរដ្ឋនោះទេ។

លោក ​ Packer បាន​ធ្វើការ​ចរចា​ជាមួយរដ្ឋា​ភិបាល​ចាប់​តាំង​ពី​ខែ​កុម្ភៈ​លើ​ជម្រើស​ក្នុង ​ការ​វិនិយោគ ខណៈ​ពេល​ដែល​លោក​ពង្រីក​ជំនួញ​ល្បែងនៅ​ទូទាំង​ពិភព​លោក​ ដែល​រួម​មាន​ការ​សាង​សង់​កាស៊ីណូ​នៅ​ប្រទេស​អូស្ត្រាលី ទីក្រុង​ម៉ាកាវ ប្រទេស​អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក៕ (Radio Australia)

Related Articles

Back to top button
Close
Close