រឿងក្តីនាវាអង្គការGreen Peace តុលាការនឹងចេញសេចក្តីសំរេចថ្ងៃ២២ វិច្ឆិកា
នៅថ្ងៃពុធនេះ តុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្រ បានបើកសវនាការជំនុំជម្រះរឿងក្តីនាវាអង្គការបរិស្ថាន Green Peace នៅទីស្នាក់ការតុលាការ ក្នុងប្រទេសអាល្លឺម៉ង់។ រឿងក្តីនេះ ទាក់ទងនឹងការប្តឹងរបស់ប្រទេសហូឡង់ ប្រឆាំងទៅនឹងរុស្ស៊ី ដែលបានស្កាត់ចាប់នាវាអង្គការ Green Peace កាលពីខែកញ្ញា និងបានឃុំខ្លួនអ្នកនាវា៣០នាក់។ ភាគីរុស្ស៊ីបានធ្វើពហិការមិនចូលរួមសវនាការនេះទេ។ តុលាការនឹងចេញសេចក្តីសំរេចនៅថ្ងៃ២២វិច្ឆិកាខាងមុខនេះ។
នៅថ្ងៃ ពុធនេះ តុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្រ បានបើកសវនាការរឿងក្តីនាវាអង្គការបរិស្ថាន Green Peace ទាក់ទងនឹងការប្តឹងរបស់ប្រទេសហូឡង់ ប្រឆាំងទៅនឹងរុស្ស៊ី។ គួររំលឹកថា កាលពីខែកញ្ញា អាជ្ញាធររុស្ស៊ីបានស្កាត់ចាប់នាវា Artic Sunrise របស់អង្គការ Green Peace និងបានឃុំខ្លួនអ្នកនាវា៣០នាក់។
តុលាការ នឹងចេញសេចក្តីសំរេចលើរឿងក្តីនេះ នៅថ្ងៃ២២វិច្ឆិកាខាងមុខ ថាតើត្រូវសំរេចទៅតាមការសុំរបស់ភាគីប្រទេសហូឡង់ ទាមទារអោយរុស្ស៊ីដោះលែងអ្នកនាវាទាំងនោះមកវិញ រឺយ៉ាងណា។ ភាគីរុស្ស៊ីគ្មានវត្តមានក្នុងសវនាការថ្ងៃពុធនេះទេ។ រុស្ស៊ីធ្លាប់បានប្រាប់តុលាការ និងប្រទេសហូឡង់រួចមកហើយពីអវត្តមានរបស់ខ្លួន។
អ្នកនាវាដែលរុស្ស៊ីឃុំខ្លួនទាំង៣០នាក់នោះ ជាពលរដ្ឋមកពី១៨ប្រទេសផ្សេងគ្នា ក្នុងនោះមានជនជាតិហូឡង់ពីរនាក់។ កាលពីខែកញ្ញា ពួកគេបានព្យាយាមឡើងទៅស្ថានីយ៍បូមប្រេងរុស្ស៊ី នៅតំបន់អាក់ទិច ដើម្បីបរិហារអំពីការបំពុលបរិស្ថាននៅទីនោះ។ ដើមឡើយ រុស្ស៊ីចោទពួកគេថា បានធ្វើការប្លន់ជាក្រុម ដែលអាចមានទោសជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំ។ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានលុបចោលទៅ វិញ។ ឥលូវនេះ អ្នកនាវាទាំង៣០នាក់ ជាប់ចោទពីបទបង្កសកម្មភាពបំពានលើស្ថានីយ៍បូមប្រេងរុស្ស៊ី វិញម្តង។ សំរាប់រុស្ស៊ី សកម្មភាពប្រឆាំងនឹងស្ថានីយ៍បូមប្រេង គឺជាការគំរាមកំហែងសន្តិសុខដល់រុស្ស៊ី។ ការចោទប្រកាន់នេះ អាចអោយអ្នកនាវាទាំង៣០នាក់របស់អង្គការ Green Peace ជាប់ពន្ធនាគារ៧ឆ្នាំ។
ប្រទេសហូឡង់យល់ថា ការដែលរុស្ស៊ីស្កាត់ចាប់នាវាដោយមិនបានសុំការអនុញ្ញាតពីប្រទេស ហូឡង់ ដែលជារដ្ឋម្ចាស់ទង់ជាតិ គឺជាទង្វើខុសច្បាប់អន្តរជាតិ។ យោងតាមនាយកអង្គការបរិស្ថាន Green Peace នៅពេលកើតហេតុការណ៍នោះ នាវារបស់អង្គការកំពុងស្ថិតក្នុងដែនទឹកអន្តរជាតិ។ ដូច្នេះ រុស្ស៊ីគ្មានសិទ្ធិស្កាត់ចាប់នាវានោះទេ លើកលែងតែថា នាវានោះធ្វើការនេសាទខុសច្បាប់។ អង្គការ Green Peace គិតថា មានហេតុផលគ្រប់គ្រាន់ដើម្បីអោយរុស្ស៊ីដោះលែងអ្នកនាវាទាំងនោះ ជាបន្ទាន់មកវិញ។
គួរបញ្ជាក់ថា ទាក់ទងជម្លោះដែនទឹកនេះ អនុសញ្ញាស្តីពីសេរីភាពនៃការបើកបរក្នុងដែនសមុទ្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២។ រុស្ស៊ីនិងហូឡង់បានចុះហត្ថលេខាលើអនុសញ្ញានេះ៕ដោយ ព្រំ សឿន សូលីណា (RFI)