ចាប់ក្មេងស្ទាវ ២ នាក់ ដេញស្ទាក់វាយ អ្នកកាសែតដើមអម្ពិល
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមក្មេងស្ទាវ ៣នាក់ បានជិះម៉ូតូតាម ស្ទាក់វាយ អ្នកកាសែតដើមអម្ពិលម្នាក់ បណ្តាលឲ្យរងរបួសលើផ្ទៃមុខ ដោយសារតែពួកគេទាំងនេះ ខឹងសម្បារនឹងអ្នកកសែតរូបនេះ បើកម៉ូតូប្រជែងទៅមុន។
លោក ទុយ ម៉ែន អ្នកយកព័ត៌មានកាសែតដើមអម្ពិល ដែលរងនូវការវាយពីក្រុមក្មេងខាងលើនេះ បាននិយាយថា អំពើហិង្សាកើតឡើងនៅវេលាម៉ោង ប្រមាណជាង ៩ យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ខណៈពេលលោក បានបើកម៉ូតូ តែម្នាក់ឯង តាមបណ្តោយផ្លូវ២៧១ ដើម្បីទៅយកព័ត៌មាន រថយន្តបុករបាំងចែកទ្រូងផ្លូវនៅកន្លែងផ្សេង។
លោក ទុយ ម៉ែន បានបន្តថា នៅពេលជិះជិតដល់ស្តុបណតប្រ៊ីត ក៏ឃើញម៉ូតូ៣គ្រឿង បើកដោយក្មេងទំនើង ៣នាក់នេះ នៅពីខាងមុខ ពេញផ្លូវ ហាក់បីដូចជា ផ្លូវទិញដាច់តែម្នាក់ឯងយ៉ាងដូច្នោះ។ ដោយសារតែប្រញាប់ទៅយកព័ត៌មាន លោកក៏បានបើកម៉ូតូជែងទៅមុន ស្រាប់តែក្រុមក្មេងទំនើង ទាំងនេះស្រែកថា “ហ្អែងខ្លាំងអី ហ៊ានវ៉ាម៉ូតូអញ” ពេលនោះ ពួកវាក៏ជិះដេញតាមពីក្រោយ ហើយស្ទាក់ម៉ូតូពីខាងមុខ រួចចុះពីលើម៉ូតូ ចាប់ទះកំផ្លៀង ជាច្រើនដៃតែម្តង។
លោក ទុយ ម៉ែន ដែលមានមាឌតូចល្អិតម្នាក់ឯងផងនោះ មិនហ៊ានតបត ដោយបានត្រឹមតែឈ្លោះប្រកែក ដោយពាក្យសម្តីជាមួយគ្នា។ ដោយសារតែមានការឈ្លោះទាស់ទែងគ្នា ដោយពាក្យសម្តី នាំឲ្យមានការភ្ញាក់ផ្អើលនោះ ក្រុមក្មេងទំនើងទាំង ៣នាក់ បានបើកម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានលោក បើកម៉ូតូដេញតាមពីក្រោយ ដើម្បីថតរូប និងថតស្លាកលេខម៉ូតូ យកមកចុះកាសែត។
លោក បានបន្តថា ក្រោយជិះម៉ូតូគេចខ្លួន ជនបង្ក ២នាក់ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពីរគ្រឿង មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BS-1120 ដែលជាជនដៃដល់ បានបើកចូលទៅក្នុងហាង ” តន្ត្រីខ្មែរ KTV ” នៅខាងមុខកងពលតូចដឹកជញ្ជូនលេខ៩៩ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើព្រងើយតែម្តង។
ក្នុងឱកាសនោះ លោក សាន ប៉ែត នាយប៉ូលិសប៉ុស្តិ៍កាកាប ដោយទទួលបានបទបញ្ជាពីលោកអធិការនគរបាលខណ្ឌ ប៊ន សំអាត បានដឹកនាំកម្លាំងប៉ូលិសមួយចំនួន ចុះទៅកាន់ហាងម៉ាស្សាមួយនេះ ហើយធ្វើការឃាត់ខ្លួនជនបង្កទាំង២នាក់ និងរឹបអូសម៉ូតូ២គ្រឿង យកទៅសួរនាំបន្តទៀត ខណៈម្នាក់ទៀត បានរត់គេចខ្លួនបាត់។
សមត្ថកិច្ច មិនទាន់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណ ជនបង្កខាងលើនេះទេ ព្រោះកំពុងសាកសួរបន្តទៀត៕ Cambodia News