តុលាការ​អេហ្ស៊ីប​លើកពេល​សវនការ​កាត់ក្តី​អតីត​ប្រធានាធិបតី​​មរស៊ី​ទៅថ្ងៃ​៨មករា​

នៅថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​គែរ ​ប្រទេស​អេហ្ស៊ីប​ តុលាការ​​​​បាន​លើក​​ពេល​សវនាការ​កាត់ក្តី​អតីតប្រធានាធិបតី​អេហ្ស៊ីប ​និង​​អ្នកទទួលខុសត្រូវ​១៤រូប​មកពី​គណបក្ស​ភាតរអ៊ីស្លាម​​ ទៅធ្វើនៅថ្ងៃ​៨មករា ឆ្នាំ​២០១៤វិញ។ ការ​សំរេច​លើកពេលនេះ ធ្វើឡើង​​មិនដល់​មួយម៉ោងផង​ បន្ទាប់ពី​ការ​​ប្រកាស​​​បើកសវនាការ​កាត់ក្តី នៅថ្ងៃ​ចន្ទ​នេះ។ មូលហេតុ​គឺម​កពី​ជនជាប់ចោទ​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​កាត់ក្តី។

នៅថ្ងៃ ​ចន្ទ​នេះ នៅ​ទីក្រុង​គែរ ​ប្រទេស​អេហ្ស៊ីប​ តុលាការ​​​​ត្រូវ​បើកសវនាការ​កាត់ក្តី​អតីតប្រធានាធិបតី​ ម៉ូហាមេដ មរស៊ី ពី និង​​អ្នកទទួលខុសត្រូវ​​គណបក្ស​ភាតរអ៊ីស្លាម​​ ចំនួន​១៤រូប ពី​បទ​ញុះញង់​អោយ​មាន​ការ​សម្លាប់​មនុស្ស។

ប៉ុន្តែ ​​​មិនដល់​មួយម៉ោងផង​ បន្ទាប់ពី​បាន​ប្រកាស​​​បើកសវនាការ​កាត់ក្តី ស្រាប់តែ​ចៅក្រម​អេហ្ស៊ីប​បាន​ប្រកាស​លើកពេល​សវនាការ​ទៅថ្ងៃ​៨មករា ឆ្នាំ​ ២០១៤វិញ។

ទូរទស្សន៍​សាធារណៈ​ និង​វិទ្យុ​មួយ​ បាន​ប្រាប់ថា ការលើកពេល​នេះ ក៏​ដោយសារតែ​​ជនជាប់ចោទ​ទាំង​អស់​នោះ បាន​បង្ក​សកម្មភាព​​រាំងស្ទះ​ដំណើរការ​នៃ​សវនាការ។ អ្នកសារព័ត៌មាន​ទីភ្នាក់ងារ Reuters មួយរូប​ដែល​បាន​ចូលទៅ​​មើលសវនាការ​កាត់ក្តី​នេះ បានប្រាប់ថា នៅ​ក្នុង​ពេលបើកសវនាការ​នោះ លោកមរស៊ី​​បាន​បរិហារ​រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប ថែម​ទាំង​លើកឡើងថា​ លោក​ជា​ប្រធានាធិបតី​ពេញសិទ្ធិ​តែមួយគត់​។ ហេតុនេះ ចៅក្រម​បាន​សំរេច​លើកពេល​សវនាការ​ទៅថ្ងៃ​ក្រោយទៀត។

គួររំលឹកថា អតី​ប្រធានាធិបតី​អេហ្ស៊ីប​ដែល​ត្រូវ​កងទ័ព​ទំលាក់​ចេញ​ពី​តំណែង​កាលពី​ ខែកក្កដា និងបក្សពួក លោក១៤រូប ជាប់ចោទ​ពី​បទ​ញុះញង់​អោយមាន​អំពើឃាតកម្ម ទាក់ទង​​បាតុកម្ម ខែ​ធ្នូ​ឆ្នាំ២០១២ នៅ​មុខវិមាន​ប្រធានាធិបតី​អេហ្ស៊ីប។ កាលណោះ ការ​ប៉ះទង្គិច​គ្នារវាង​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី និង​បាតុករ​ដែល​ទាមទារ​អោយ​លោកមរស៊ី​ចុះពីអំណាច​ បាន​ធ្វើអោយ​ស្លាប់​​មនុស្ស​​ជាង១០នាក់។ លោកមរស៊ី​និង​អ្នកទទួលខុសត្រូវ​ទាំង​១៤រូប​នៃ​បក្សភាតរអ៊ីស្លាម​​នេះ ​​ អាច​ទទួលទោស​ប្រហារជីវិត រឺ​ក៏ជាប់ពន្ធនាគារ​មួយជីវិតពីបទឧក្រិដ្ឋ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close