ទាហាន​បង់ក្លាដែស​១៥០នាក់​ទទួលទោស​ប្រហារជីវិត​ ពីបទ​បាន​ចូលរួម​អំពើ​បះបោរ​ឆ្នាំ២០០៩

នៅថ្ងៃ​អង្គារ​នេះ សារព័ត៌មាន​បារាំង​ AFP បាន​ប្រាប់ថា តុលាការ​បង់ក្លាដែស​​បាន​សំរេច​ដាក់ទោស​ប្រហារជីវិត​ដល់​ទាហាន​យ៉ាងហោច​ណាស់ ​១៥០នាក់ ពីបទ​បាន​ចូលរួម​ធ្វើ​កុបកម្ម​បះបោរ​ កាលពី​ឆ្នាំ២០០៩។ ការបះបោរ​កាលណោះ បាន​សម្លាប់​នាយទាហាន​​ជាច្រើនរូប។

តុលាការ ​ក្រុងដាកា​ ប្រទេស​បង់ក្លាដែស បាន​​សំរេច​កាត់ទោស​ប្រហារជីវិតទាហាន​យ៉ាងហោច​ក៏​​១៥០នាក់ដែរ ពីបទ​ចូលរួម​កុបកម្ម​បះបោរ​ឆ្នាំ២០០៩ ដែល​កុបកម្ម​នាពេល​នោះ បាន​សម្លាប់​នាយទាហាន​ជាច្រើនរូប។ នេះ​បើយោងតាម​កាសែត​បារាំង​ អាអេហ្វប៉េ AFP ដែល​បាន​ទទួល​ព័ត៌មានផ្ទាល់​​ពី​រដ្ឋអាជ្ញាបង់ក្លាដែស​​​ បាហារុល អ៊ីស្លាម នៅ​តុលាការក្រុងដាកា។

ក្នុង​ចំណោម​ជនជាប់ចោទ៨២៣រូប មាន​ទាហាន​ប្រមាណ​៣៥០នាក់ទៀត បាន​ទទួលទោស​​ជាប់ពន្ធនាគារ​រហូត​ដល់​១៤ឆ្នាំ។ យោងតាម​បទចោទប្រកាន់ ទាហាន​ដែល​បាន​ទទួលទោស​ប្រហារជីវិត​ទាំងនោះ ជាប់ទោស​ពីបទ​បាន​​​សំលាប់​មនុស្ស ធ្វើទារុណកម្ម និង​ចូលរួម​ដៃជើង ក្នុង​អំពើ​បះបោរ​កាលពី​ឆ្នាំ​២០០៩។

គួររំលឹកថា កាលពី​ថ្ងៃ​២៥កុម្ភៈ ឆ្នាំ២០០៩ កងការពារ​ត្រួតពិនិត្យ​ព្រំដែន​ប្រទេស​បង់ក្លាដែស​បាន​រង​នូវ​អំពើ​បះបោរ​ មួយ ដែល​មានរយៈ​ពេល​​រហូត​ជាង​៣០ម៉ោង។ យោងតាម​ការ​ស៊ើបអង្កេត ទាហាន​ដែល​បះបោរ​ទាំងនោះ មាន​ការ​ធុញថប់​និង​ខឹងសម្បារ ដោយសារតែ​ពួកគេ​​មិន​បាន​ទទួល​​ការដំឡើង​ប្រាក់ខែដូចដែល​បាន​ទាមទារ​ ហើយ​ជីវភាព​ប្រចាំ​ថ្ងៃរបស់ពួកគេ​​ទៀតសោត មិន​បាន​ប្រសើរ​ជាងមុនសោះឡើយ។

កុបករ​បះបោរ​​​​បាន​លួច​យក​អាវុធ​ប្រមាណ​ជា​២៥០០ ដើម​ ហើយ​បាន​​ចូលទៅ​បង្ក​ការរាំងស្ទះ​ដល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ អ្នកទទួលខុសត្រូវនៃកងត្រួតពិនិត្យ​ព្រំដែន​​ ​​​និង​បាន​សំលាប់​អ្នកទទួលខុសត្រូវ​ទាំងនោះ។ កាលណោះ នាយទាហាន​យ៉ាងហោច​៥៧នាក់ បាន​ត្រូវ​សម្លាប់ ហើយ​សាកសព​របស់​ពួកគេ​ត្រូវ​បាន​កាត់ជាដុំៗ និង​យក​ទៅ​​ទំលាក់​ក្នុង​លូទឹក និង​រណ្តៅ​ផ្សេងៗ។

បើគិត​សរុប​ទៅ មានមនុស្ស​៧៤នាក់​បាន​ត្រូវ​សម្លាប់ ​ជនរងគ្រោះ​ភាគច្រើន​ស្លាប់ដោយ​រង​​ការធ្វើទារុណកម្ម រឺ​ក៏​ត្រូវ​បាន​ដុតទាំងរស់​តែម្តង។ សកម្មភាព​បះបោរ​នេះ ជា​សកម្មភាព​បះបោរ​យោធា​សំខាន់​ជាងគេ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បង់ក្លាដែស៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close