អឺរ៉ុបក៏ប្រើប្រព័ន្ធចារកិច្ចដូចសហរដ្ឋអាមេរិកដែរ
សារព័ត៌មានអង់គ្លេសបានបង្ហើបព័ត៌មាន ថ្មីមួយទៀតហើយ ! ព័ត៌មានដែលថា បណ្តាប្រទេសអឺរ៉ុបមួយចំនួន ក៏អនុវត្តចារកិច្ច ប្រហែលគ្នានឹងសហរដ្ឋអាមេរិកដែរ។ ភ្នាក់ងារស៊ើបការណ៍អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងស៊ុយអែត បានដាក់ឱ្យដំណើរការប្រព័ន្ធលួចតាមដានស្តាប់បទសន្ទនាផ្សេងៗតាម ទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណែត ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតពីភ្នាក់ងារចារកិច្ច អង់គ្លេស។ នេះបើតាមការបកអាក្រាតព័ត៌មានចុះផ្សាយក្នុងទំព័រកាសែត The Guardian ។
ការបង្ហើបព័ត៌មាន សម្ងាត់នេះ បានធ្លាយមកក្នុងខណៈដែលអឺរ៉ុប និងអាស៊ី កំពុងខឹងសម្បារសហរដ្ឋអាមេរិកដែលបានលួចស្តាប់ទូរស័ព្ទ លួចយកព័ត៌មាននិងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងទ្រង់ទ្រាយធំ។ ការលួចស្តាប់និងលួចប្រមូលព័ត៌មានទាំងនេះ បើតាមស្នូឌិន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារសន្តិសុខ អាមេរិក NSA អូស្ត្រាលី កាដាណា នូវែលហ្សេឡង់និង អង់គ្លេស ឬហៅថាក្រុមភ្នែកច្រមុះទាំង៥។
អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងស៊ុយអែត សហការជាមួយនឹងភ្នាក់ងារអង់គ្លេស ដែលជាភ្នែកម្ខាងរបស់អាមេរិក បានប្រើប្រាស់ ប្រព័ន្ធស៊ើបការណ៍ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងមានកម្លាំងអាចចូលដល់បេះដូងអ៊ីនធឺណែតតែម្តង។ នេះបើតាមការទម្លាយឱ្យដឹងនៅល្ងាចមិញ ក្នុងទំព័រកាសែត The Guardian ដែលបានគូសបញ្ជាក់ថា អឺរ៉ុបបានប្រើប្រព័ន្ធនេះ តាំងពីឆ្នាំ២០០៨មក ហើយគឺភ្នាក់ងារចារកិច្ចអង់គ្លេសជាអ្នកផ្តល់ប្រឹក្សាដល់សមភាគី អឺរ៉ុប ពីរបៀបបង្វែរច្បាប់ដែលកំរិតអំណាចស៊ើបការណ៍របស់ ភ្នាក់ងារចារកិច្ច។
មានតែអាល្លឺម៉ង់មួយប៉ុណ្ណោះ ដែលបានបញ្ចេញប្រតិកម្មតបវិញភ្លាម ច្រានចោលដំណឹងចុះផ្សាយរបស់ កាសែតអង់គ្លេស ដោយពន្យល់ថា កាលពីឆ្នាំ២០០៨ អាល្លឺម៉ង់ បានផ្តោះប្តូរបទពិសោធន៍ជាមួយអង់គ្លេស តែលើចំណុចបច្ចេកទេសប៉ុណ្ណោះ មិនមែនទាក់ទងច្បាប់ទេ។ ការផ្តោះប្តូរបទពិសោធន៍បច្ចេកទេសអឺរ៉ុបគឺមានជារៀងរហូតមក៕ដោយ អៀង សុខម៉ិញ (RFI)