ប្រមុខការទូតអាមេរិកទៅលួងលោមអារ៉ាប៊ីសាអ៊ូឌីតដល់ផ្ទះ
លោក ប្រមុខការទូតអាមេរិក John Kerry ផ្តើមបំពេញទស្សនកិច្ចមួយជុំ ៩ ថ្ងៃ នៅតំបន់ដើមបូព៌ា ដោយជ្រើសរើសប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាជំហានដំបូង។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺចង់ធ្វើឱ្យវិបត្តិអ៊ីស្រាអ៊ែល -ប៉ាឡេស្ទីន សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសង្គ្រាមនៅប្រទេសស៊ីរី អាចធ្លាយមានច្រកចេញទៅមុខបាន។ ប៉ុន្តែដៃគូពិភាក្សាអារ៉ាប៊ីសាអ៊ូឌីត មិនប្រាកដជាយល់ដើរលើខ្សែជាមួយសហរដ្ឋអាមេរិកទេ។
សហរដ្ឋ អាមេរិកបាននិងកំពុងខិតខំទន្ទេញពាក្យដដែលថាទំនាក់ទំនង អាមេរិក-អារ៉ាប៊ីសាអ៊ូឌីត នៅ ដដែល ។ ចំណងមិត្តភាពដែលខាត់ពីក្រៅឱ្យល្អ តែខាងក្នុងវិញ ប្រេះស្រាំ តាំងពីជាច្រើនឆ្នាំចុងក្រោយនេះ ពោលគឺតាំងពីមានផ្ទុះវិបត្តិបដិវត្តអារ៉ាបមក។
ព្រះចៅអាប់ឌុលឡា មិនអាចអនុគ្រោះឱ្យលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ដែលព្រលែង បូស្នី ម៉ូបារ៉ាក់ ជាសម្ព័ន្ធមិត្តឱ្យខ្ទាតពីអំណាចបានឡើយ។ ហើយក៏មិនអាចអនុគ្រោះឱ្យអាមេរិក ដែលមិនសូវខ្វល់នឹងសំណុំរឿងប្រទេសស៊ីរី មិនព្រមប្រើធម៌ក្តៅវាយប្រហាររដ្ឋាភិបាលលោកបាស្ហារអាល់អាសាទនោះ ដែរ។ ការបដិសេធអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី១៨តុលា ជាសារប្រឆាំងមួយ។ ពីរបីថ្ងៃក្រោយមក ក្រុមភ្នាក់ងារចារកិច្ចអារ៉ាប៊ីសាអូឌីត គ្រោងនឹងកាត់បន្ថយកិច្ចសហប្រត្តិបត្តការជាមួយភ្នាក់ងារស៊ើបការណ៍ អាមេរិក CIA ទៀត ដើម្បីបញ្ជាក់អំពីការមិនសប្បាយចិត្តរបស់ខ្លួនចំពោះអាមេរិក។
ដូច្នេះទស្សនកិច្ចផ្លូវការរបស់លោកប្រមុខការទូតអាមេរិក នៅអារ៉ាប៊ីសាអ៊ូឌីតថ្ងៃនេះ ថ្វីដ្បិតតែក្នុងក្របខ័ណ្ឌទស្សនកិច្ចមួយជុំក្នុងតំបន់ក៏ពិតមែន ប៉ុន្តែជាឱកាសមួយសម្រាប់អាមេរិក បញ្ជាក់ឡើងវិញទំនាក់ទំនងជាយុទ្ធសាស្ត្រដោយធម្មជាតិរបស់ប្រទេសទាំង ពីរតាំងពីឆ្នាំ១៩៣០។ លោក ឃែរី មានពេលពីរថ្ងៃ ក្នុងការបញ្ចុះបញ្ចូលអារ៉ាប៊ីសាអ៊ូឌីត។ យើងរង់ចាំមើលថាតើអាមេរិកប្រើវិធីអ្វីមកបិទបញ្ចប់ទំនាក់ទំនងដ៏ ត្រជាក់ស្រិបនេះ ឱ្យក្តៅឡើងវិញបាន ?!ដោយ អៀង សុខម៉ិញ (RFI)