បុរសជាឪពុកខឹងកូនមិនដើរសុំទានយកប្រាក់ទិញស្រានិងកញ្ឆា ជក់ វាយកូនបែកក្បាល
បាត់ដំបង ៖ បុរស ម្នាក់ ខឹងកូនមិនដើរសុំទានយកប្រាក់ទិញស្រានិងកញ្ឆា ជក់ បានយកដុំថ្មវាយគប់បំបែកក្បាលកូន ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាល ពីម៉ោង១១យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ញុក សុខណា ហៅម៉ៅ អាយុ៣៦ឆ្នាំ របរសុំទានទីលំនៅមិនពិតប្រាកដ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ធី ស្រីឌី អាយុ១០ឆ្នាំ រងរបួសថ្ងាសនិងក្បាល។
កូនស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងមានបងប្អូន៥នាក់ ដោយឪពុកតែងតែធ្វើបាបវាយម្តាយ គាត់ទ្រាំលែងបានក៏នាំបងៗចាកចេញពីផ្ទះ ហើយ ឪពុករូបនេះគិតតែពីផឹកស្រាពេលខឹងកូនៗមិនដើរសុំទានយកប្រាក់ មកអោយគាត់ គាត់បានវាយធ្វើបាប ដូចរូបនាងត្រូវឪពុកយកដុំថ្មគប់ និងវាយបែកក្បាលតែម្តង។
បុរសជាឪពុក ក្មេងស្រីរងគ្រោះ បានសារភាពថា ខ្លួនមានកូន៥នាក់ កូន៣នាក់ប្រពន្ធយកទៅចិញ្ចឹម ហើយកូនប្រុសស្រី២នាក់នៅជាមួយខ្លួនដើរសុំទានគេ ក្រោយមកអង្គការបានសុំយកកូនប្រុសទៅបាត់ ។ កូនស្រីនេះខ្លួនធ្លាប់ចងជើងដាក់ច្រវាក់វាយ ព្រោះ ខ្ខឹលដើរសុំលុយគេ ហើយនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ដោយខ្លួនគ្មានប្រាក់ទិញស្រាផឹក និងទិញកញ្ឆា ខឹងខ្លាំងពេកក៏យកដុំថ្មគប់កូនស្រី និងវាយវាបែកក្បាលតែម្តង។
មន្ត្រី ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានបញ្ជាក់ថា បុរសសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សា ត្រូវបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមណ្ឌលកុមាររីករាយដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ Cambodia News