អាមេរិក​ចាប់យក​ទិន្នន័យ​ព័ត៌មាន​របស់​វេបសៃត៍​Google​ និង​Yahoo​

កាសែតប្រចាំថ្ងៃ​​​ Washington Post របស់​អាមេរិក បាន​ចុះផ្សាយ​នៅថ្ងៃ​ពុធ​នេះថា ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA បាន​​ចាប់យក​ទិន្នន័យ​ព័ត៌មាន​របស់​វេបសៃត៍​​Google និង​Yahoo នៅ​បរទេស​ដើម្បី​អាច​ចូលទៅ​មើល​​ឯកសារ​អេឡិចត្រូនិក និង​​ព័ត៌មាន​នានា​របស់​អ្នកប្រើប្រាស់​វេបសៃត៍​​ Google និង​Yahoo។ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក បាន​បដិសេធ​​ការចុះផ្សាយ​របស់​សារព័ត៌មាន​ Washington Post ដោយ​លើកឡើងថា ជាព័ត៌មាន​មិនពិត។

នៅថ្ងៃ​ពុធនេះ កាសែតប្រចាំថ្ងៃ​​​ Washington Post ​បាន​ចុះផ្សាយ​ថា​ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA បាន​​ធ្វើការ​ចាប់យក​ទិន្នន័យ​ព័ត៌មាន​របស់​វេបសៃត៍​​Google និង​Yahoo នៅ​បរទេស​ ដើម្បី​អាច​ចូលទៅ​មើល​​ឯកសារ​អេឡិចត្រូនិក និង​​ព័ត៌មាន​នានា​របស់​អ្នកប្រើប្រាស់​គេហទំព័រ​ Google និង​Yahoo។

ការចុះផ្សាយ ​របស់​សារព័ត៌មាន​ Washington Post បានផ្តោត​ទៅលើ​ឯកសារ​​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ ដែលអតីត​បុគ្គលិក​បំរើការងារ​អោយទីភ្នាក់ងារ​នេះ គឺ​Edward Snowden បាន​បង្ហាញ​ជាសាធារណៈ​។ ទីភ្នាក់ងារ​សន្តិសុខ​ជាតិអាមេរិក ប្រហែល​ជាបាន​ប្រើប្រាស់​កម្មវិធី​មួយ​ឈ្មោះថា Muscular ដែល​ស្ថិត​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​អាជ្ញាធរសមត្ថកិច្ច​ផ្នែក​យុត្តិធម៌​ អាមេរិក ដែល​ហៅកាត់ថា (FISC Foreign Intelligence Surveillance Court)។ កម្មវិធី​នេះ ធ្វើឡើង​នៅ​ក្រៅទឹកដី​សហរដ្ឋអាមេរិក ​ក្នុង​ទីកន្លែង​ដែល​​គ្មាន​ការគ្រប់គ្រង​របស់​ផ្នែកសមត្ថកិច្ច​មួយនេះ។ អ្វីដែល​គេ​ចាប់អារម្មណ៍​ដែរនោះ គឺថា​​ទីភ្នាក់ងារ​សំងាត់​អង់គ្លេសបានចូលរួម​ប្រតិបត្តិការ​​ក្នុង​កម្មវិធី ​​ Muscularនេះ ​ នៅ​ទីស្នាក់ការ​ទីភ្នាក់ងារ​ចារកិច្ច​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល​ អង់គ្លេស​​។ កម្មវិធី​Muscular បាន​ប្រមូល​ឯកសារ​ប្រមាណ​១៨១ លាន​ ក្នុង​​មួយខែ​ចុងក្រោយ​​នេះ។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA បាន​បន្ត​ចេញមុខ​បដិសេធ​ការចុះផ្សាយ​របស់​សារព័ត៌មាន​​ វ៉ាស៊ីន តោន  ប៉ុស្តិ៍ ដោយ​លើកឡើងថា ព័ត៌មាន​ទាំងនោះ​គ្មានការពិត​នោះទេ។

រឿងអាស្រូវ​ស៊ើបការណ៍ថ្មីនេះ​អាច​នឹង​បង្កើន​ភាពតានតឹង​រវាង​រដ្ឋាភិបាល​ អាមេរិក និង​ក្រុមហ៊ុន​អ៊ីនថឺនេត​ធំៗ​បន្ថែមទៀត។ អ្នកនាំពាក្យ​ក្រុមហ៊ុន ​Google បាន​ប្រាប់ថា​ ខ្លួន​មិនបាន​ដឹងពី​ហេតុការណ៍​នេះ​សោះ ឡើយ ហើយ​បន្ថែមថា ​Google បាន​សំរេច​អោយ​មាន​ការ​ត្រួតពិនិត្យ​ហ្មត់ចត់​ ដើម្បី​ការពារ​សុវត្ថិភាព​ទិន្នន័យ​ព័ត៌មាន​របស់ខ្លួន និង​មិន​អោយ​ទីភ្នាក់ងារ​NSA រឺ​ក៏​ស្ថាប័ន​រដ្ឋអាមេរិកណាមួយ​ផ្សេងទៀត បាន​ចូលទៅ​ចាប់យកទិន្នន័យ​ព័ត៌មាន​របស់​ខ្លួន​នោះទេ។​ ចំណែក​​ខាង​ក្រុមហ៊ុន Yahoo ក៏​បានប្រកាស​​វិធានការ​គ្រប់គ្រង​និង​ការពារ​សុវត្ថិភាព​ ដូច​ជា​ក្រុមហ៊ុន​Googleផងដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close