ចិនកំពុងទាមទារឲ្យអាម៉េរិកធ្វើការបកស្រាយជុំវិញបញ្ហាស៊ើបការណ៍សម្ងាត់
ប្រទេសចិនកំពុងទាមទារឲ្យសហរដ្ឋ អាម៉េរិក ធ្វើការបកស្រាយ បន្ទាប់ពីកាសែតមួយរាយការណ៍ថា បណ្តាស្ថានទូតអូស្ត្រាលីនៅបរទេស រួមទាំងស្ថានទូតអូស្ត្រាលីក្នុងទីក្រុងប៉េកាំង ត្រូវគេប្រើសម្រាប់ជាផ្នែកមួយនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
របាយការណ៍ក្នុងកាសែតនោះនិយាយថា ការប្រមូលព័ត៌មានសម្ងាត់ បានធ្វើឡើងនៅតាមស្ថានទូតអូស្ត្រាលីទូទាំងអាស៊ី និងតាមតំបន់បេសកកម្មការទូតដទៃទៀត ដោយអ្នកការទូតអូស្ត្រាលីភាគច្រើនមិនបានដឹងអំពីរឿងនេះនោះទេ។
ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសចិនមានការខ្វាយខ្វល់យ៉ាងខ្លាំងទៅលើរបាយការណ៍នោះ ហើយទាមទារឲ្យមានការបកស្រាយពន្យល់ពីសហរដ្ឋអាម៉េរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ប្រទេសចិនទាមទារឲ្យបណ្ដាស្ថានទូតបរទេស គោរពអនុសញ្ញា ទីក្រុងវីយេន និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀត ហើយមិនត្រូវពាក់ព័ន្ធនឹងសកម្មភាព ដែលមិនសមស្របទៅនឹងតួនាទីរបស់ពួកគេនោះទេ៕ (Radio Australia)