សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្ស ប្រុស ស្រី ២៩នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោងជាង៨ យប់ថ្ងៃទី៣១ តុលា ២០១៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយអង្គការ IGM បានចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ ២កន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ១កន្លែង និងខណ្ឌចំការមន១កន្លែង ។
សមត្ថកិច្ច បញ្ជាក់ថា ទីតាំងទី១ស្ថិតនៅចំណុចផ្ទះលេខ១៤៨ ហាងម៉ីចិន្ត ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ និងឃាត់ខ្លួននារីវ័យក្មេងចំនួន ៩នាក់ និងបុរស ៣នាក់ទៀត។ ចំណែកទីតាំងទី២ ស្ថិតនៅក្នុងហាងម៉ាស្សាតាមបណ្តោយផ្លូវសុធារស ទល់មុខខារ៉ាអូខេX2 ក្នុងទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ចឃាត់ខ្លួនបាននារីបម្រើការផ្លូវភេទ ចំនួន ១១នាក់ សុទ្ធសឹងជាជនជាតិវៀតណាម ហើយក៏បានឃាត់ខ្លួនបុរសបាន ៥នាក់។
សមត្ថកិច្ចបន្តថា មុននឹងឈានដល់ការចុះឆែកឆេរទីតាំងទាំងពីរខាងលើនេះ គឺដោយយោងទៅតាមពាក្យបណ្តឹងរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សាបានប្តឹងទៅអង្គការ IGM សុំឲ្យចុះមកជួយសង្គ្រោះនារី ដែលត្រូវគេបង្ខំឲ្យមកបម្រើការផ្លូវភេទនៅក្នុងហាងខាងលើ។
ក្រោយពីអង្គការទទួលបានដំណឹង ភ្លាមៗ ភាគីអង្គការបានសហការជាមួយសមត្ថកិច្ចចម្រុះនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស ដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរក្នុងហាងម៉ាស្សាខាងលើ ទើបបានឃើញជាក់ស្តែងថា ពិតជាមានការជួញដូរផ្លូវភេទប្រាកដមែន ដូច្នេះ សមត្ថកិច្ចសម្រេចកសាងសំណុំរឿងឃាត់ខ្លួនពួកគេយកទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ៕ Cambodia News